លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ត្រូវពលរដ្ឋប្តឹងទៅតុលាការរឿងជំពាក់លុយជិត២០ម៉ឺនដុល្លារ មិនព្រមសង


ដោយ:កវី/សៀមរាប៖លោកគង់ ប៊ឹប ចៅសង្កាត់រងទី ១សង្កាត់ជ្រាវ ដែលមហាជនបានស្គាល់ថា ជាថៅកែដីឡូត៍ដ៌ល្បីល្បាញ និងជាបុរសមានប្រិយភាពក្នុងខេត្ត សៀមរាបផងនោះ ត្រូវប្រជាពលរដ្ឋមួយក្រុមប្តឹងទៅតុលាការរឿងជំពាក់លុយជិត២០ម៉ឺនដុល្លារអាមេរិក ហើយគេចវេសមិនព្រមសង។
    លោក ជា គីមឆែ ហៅស៊ីង ជាម្ចាស់បំណុលម្នាក់របស់លោក គង់ ប៊ឹប បានអះអាងថា កាលកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្លួនបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះនិងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀម រាប ទំហំ៦ហិកតា និងស្រះនោះជម្រៅ៦ម៉ែត្រ ដែលមានតម្លៃសរុប ៤៦៨.០០០ដុល្លារ។ ក្នុងគ្រាដែលកំពុងដំណើរការ លោក គង់ប៊ឹប បានទូទាត់ប្រាក់មួយចំនួនទៅមកឲ្យខ្លួន។ លោកបន្តថា លុះអំឡុងខែមេសាឆ្នាំ ២០១៩ លោក គង់ ប៊ឹប បានផ្អាកការងារប៉ុន្តែនៅជំពាក់លុយលោក ១៣៤.៦១៣.៧ដុល្លារ។
      បើតាម លោក ជា គីមឆែ ដោយសារតែការមិនទទួលខុសត្រូវនេះ លោកបានដាក់ពាក្យប្តឹងរក្សាការពារមួយទៅតុលាការ ដើម្បីរឹបអូសដីរបស់លោកគង់ ប៊ឹប ជាបណ្តោះអាសន្ន។   យោងតាមដីកា សម្រេច រក្សាការពារ របស់សាលាដំបូងខេត្តសៀមរាបលេខ ២៧៨ឈ/២០១៩ចុះថ្ងៃទី២ ខែកក្កដាឆ្នាំ ២០១៩ ដែលចុះហត្ថលេខាដោយលោកមុយ សុភក្ត្រ័ចៅក្រមសាលាដំបូង បង្ហាញថា ម្ចាស់ បំណុលឈ្មោះជា គីមឆែ បានស្នើសុំអោយតុលាការចេញដីកាសម្រេច រឹបអូសជាបណ្តោះអាសន្ននូវដីមួយកន្លែងដែលមានទំហ៊ំ១.៨៥៦ម៉ែត្រក្រឡា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
    ដីកាបង្ហាញទៀតថា កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ ២០១៩ម្ចាស់បំណុលបានចុះកិច្ចសន្យាចាក់ដីបង្វិលជាមួយកូនបំណុល ដើម្បីជីកស្រះនិងចាក់ដីបង្វិលក្នុងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ៦ហិកតា និងស្រះនោះជម្រៅ៦ម៉ែត្រ ដែលមានតម្លៃសរុប ៤៦ ៨.០០០ដុល្លារ។ ក្នុងគ្រាដែលកំពុងដំណើរការ កូន បំណុលបានអោយប្រាក់មួយចំនួនទៅម្ចាស់បំណុល។លុះអំឡុងខែមេសាឆ្នាំ២០១៩ កូនបំណុលបានផ្អាកការងាររបស់ខ្លួន ដោយនៅជំពាក់លុយម្ចាស់បំណុល ១៣៤.៦១៣.៧ដុល្លារ។
    ក្នុងដីកាបញ្ជាក់ សម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុរបស់កូនបំណុលឈ្មោះគង់ ប៊ឹប ដីមួយកន្លែងក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាបមានទំហំ ១៨៥៦ម៉ែត្រក្រឡា។
    ជុំវិញករណីខាងលើនេះម្ចាស់បំណុលឈ្មោះជា គីម ឆែ ហៅ(ស៊ីង)បានអោយដឹងថា រឿងនេះខាងលោកបានប្តឹងទៅតុលាការចំនួន២ដងរួចមកហើយ ពេល នេះតុលាការ សម្រេចរឹបអូសដី តាមការស្នើសុំរបស់លោក។ លោកស៊ីង បន្តថា លោកគង់ ប៊ឹប ក្រៅពីជំ ពាក់បំណុលលោកជាង១៣ម៉ឺនដុល្លារ នៅជំពាក់ឈ្មោះថោង ឡង់ឌី៤ម៉ឺនដុល្លារ.ឈ្មោះថន ពៅ ១៨ ០០០ដុល្លារ.ឈ្មោះផល្លា២ម៉ឺនដុល្លារ.ឈ្មោះថោង សាវុធ ៧៥០០ដុល្លារ។ កាលចុះកិច្ចសន្យា លោកគង់ ប៊ឹប បាននិយាយថា បើភាគីខាងលោក(ស៊ីង)អនុវត្តមិន បានតាមកិច្ចសន្យាត្រូវតែប្រឈមតាមផ្លូវច្បាប់។ប៉ុន្តែបើខាងលោកគង់ ប៊ឹប មិនមានលុយអោយទេ អោយដុតផ្ទះគាត់(គង់ ប៊ឹប)ចោល។ប៉ុន្តែតាំពីឆ្នាំ២០១៩ មក ទល់ឆ្នាំ២០២២ហើយលោកគង់ ប៊ឹប នៅមិនព្រមសងលុយទៀត។ នេះមិនមែនជាបុរសមានប្រិយភាពនោះទេ គឺជាបុរសសំដីអាចម៍ និយាយបានតែធ្វើមិនបាន។ខ្ញុំ(ស៊ីង)មិនទៅដុតផ្ទះលោកគង់ប៊ឹប នាំឲ្យប្រឡាក់ដៃ ទេ ប៉ុន្តែសង្គមគឺមានច្បាប់ អ្នកឯងបោកគេត្រូវតែ ប្រ ឈមផ្លូវច្បាប់។
យោងតាមការបញ្ជាក់របស់លោកស៊ីង បង្ហាញ ថា លោកគង់ ប៊ឹប នៅមានជំពាក់បំណុលមនុស្សច្រើននាក់ទៀត បើទោះបីពេលនេះលោកកំពុងបង្ហាញឡានទំនើប ឡិចស៊ីស៥៧០ដ៌មានតម្លៃ ដល់ក្រសែភ្នែកមហាជនរាប់លានគូរក៏ដោយ។
    អះអាងប្រហាក់ប្រហែលនឹងលោក ជា គីមឆែ ហៅ ស៊ីង ដែរ ប្រជាពលរដ្ឋ ៣នាក់ផ្សេងទៀត ដែលជាអ្នក រកស៊ីដាក់គ្រឿងចក្រកាយដីជាមួយលោក គង់ ប៊ឹប ក៏បានលើកឡើងដែរថា លោកគង់ ប៊ឹប បានជំពាក់លុយពួកគាត់មានខ្លះ៤ម៉ឺនដុល្លារ ខ្លះ២ម៉ឺនដុល្លារ តាំងពីឆ្នាំ២០១៩មក ដោយលោក គង់ ប៊ឹប រកលេសដោះសារមិនព្រមសងលុយទាល់តែសោះ។
ជុំវិញករណីនេះ លោកគង់ ប៊ឹប បានថ្លែងប្រាប់អ្នក សារព័ត៌មានថា រឿងខាងលើកំពុងដោះស្រាយតាមផ្លូវតុលាការហើយ។ ចំណែករឿងជីកដី ជាគម្រោងរបស់សម្តេចសង្ឃ។
    សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៩ មានការជីកស្តារយកអាចម៍ដីចេញពីផ្ទៃដីដ៍ធំធេងមួយកន្លែងក្នុងសង្កាត់ជ្រាវ។ដែលការជីកនោះត្រូវបានអះអាងថា ជីក ដើម្បីបង្កើតជាបារាយណ៍សិប្បនិមិត្ត សម្រាប់ធ្វើជាតំបន់ទេសចរណ៍។ គម្រោងជីកស្តារនោះ ព័ត៌មានបានទម្លាយថា លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ច(កាន់លុយ) តែត្រូវរលាយបាត់រូបទៅវិញ ហើយបន្សល់នូវរឿងអាស្រូវរាប់មិនអស់ ព្រោះតែផលប្រយោជបុគ្គល៕