បិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងចំនួនពីរ ក្រោយផ្ទុះហឹង្សាបង្កជារបួសស្នាម


ដោយ:កវី/សៀមរាប៖សមត្ថកិច្ចចម្រុះ ដឹកនាំដោយតំណាងរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣ ខែកុម្ភះឆ្នាំ២០២២នេះ បានសម្រេចបិទការដ្ឋានជីក រណ្តៅដីក្នុងបឹងពារាំងចំនួនពីរ ក្រោយផ្ទុះហឹង្សាបង្កជារបួសស្នាម។
     ក្នុងពេលសមត្ថកិច្ចចម្រុះទាញខ្សែចងកាត់ផ្លូវ និងហ៊ុំពទ្ធ័គ្រឿងចក្រ គេឃើញអ្នកគ្រប់គ្រងការដ្ឋានជីកដីបង្ហាញការប្រតិកម្ម ដោយលើកហេតុផលអំពីច្បាប់ក្នុងការអនុញាតិអោយជីករណ្តៅដីក្នុងបឹងពារាំង។ប៉ុន្តែក៍មានចម្លើយតបទៅវិញយ៉ាងខ្លីថា ចង់ដឹងពីហេតុផល សុំសួរទៅថ្នាក់លើ ក្រុមសមត្ថកិច្ចអនុវត្តតែតាមបទបញ្ជាប៉ុណ្ណោះ។
     លោក ហាយ យង់ តំណាងរដ្ឋបាលក្រុងសៀមរាបដែលដឹកនាំកម្លាំងចុះបិទការដ្ឋានខាងលើ បានផ្តល់បទសម្ភាសន៍ថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែង គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។ 
    លោកបន្តថា ក្រុមហ៊ុនជីកដីខាងលើទី១ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង និងមាន ឈ្មោះសាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ ទី២ក្រោមគ្រប់គ្រងដោយសហគមន៍នេសាទចុងឃ្នៀសដែលមានឈ្មោះ ហាប់ ដា ម្ចាស់គ្រឿងចក្រ។ ការឈានទៅដល់បិទការដ្ឋាននេះមូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹងជញ្ជូនមិនបាញ់ទឹក បង្កការហុយ ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហឹង្សាបង្កជារបួសស្នាម។
    លោកហាយ យង់ បន្ថែមថាក្នុងកិច្ចសន្យាក្រុមហ៊ុន ខាងលើ ត្រូវបំពេញកត្តព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំ ពានកិច្ចសន្យាហើយ បង្កជារបួសស្នាមថែមទៀត។អី ចឹងហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ។
    ទោះបីយ៉ាងណា លោកហាយ យង់ សុំមិនធ្វើអធិ ប្បាយចំពោះរឿងបង្ករបួសស្នាមនោះទេ ដោយលោកបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ ទុកអោយសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី។ប៉ុន្តែលោកបញ្ជាក់ថាចំពោះ ការបិទការដ្ឋានជីកដីក្នុងបឹងពារាំង គឺមិនមានថ្ងៃ កំ ណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។
     សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៌សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញាតិអោយមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង។ ប៉ុន្តែ ដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារបែបនេះ៕