ម្តាយអតីតព្រះសង្ឃមួយអង្គទាមទារអោយព្រះចៅអធិការវត្តព្រិន្ទ បញ្ជាក់ ពីមូលហេតុផ្សឹកកូនរបស់ខ្លួន


ដោយ:កវី/សៀមរាប៖ម្តាយអតីតព្រះសង្ឃមួយអង្គផ្ទុះប្រតិកម្ម ទាមទារអោយព្រះចៅអធិការវត្តមហា ប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ បញ្ជាក់ពីមូលហេតុដែលផ្សឹកកូនរបស់ខ្លួន។
    ការទាមទាររកហេតុផល ពីការផ្សឹកសង្ឃមួយអង្គនេះ បន្ទាប់ពីមានការចោទថា សង្ឃចំនួន៣អង្គគង់នៅវត្តព្រិន្ទ មានការពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន តែសមត្ថកិច្ចចាប់ពិនិត្យទឹកនោមមិនមានវិជ្ជមាន។
     អតីតសង្ឃមានឈ្មោះហ៊ាង សាវឿន អាយុ៣០ឆ្នាំ ទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប នៅរសៀលថ្ងៃទី៦ខែកុម្ភះឆ្នាំ២០២២ បានផ្តល់បទ សម្ភា សន៍ថា កាលពីព្រលប់ថ្ងៃទី២៦ខែមករាកន្លងទៅព្រះគ្រូធម្មបញ្ញាញាណ ព្រះនាមសួន ចំរ៉ុង ក្រោមបញ្ជាព្រះចៅអធិការវត្តព្រិន្ទ បានបកស្បង់ជីវរ របស់ខ្លួនផ្សឹកដោយគ្មាមូលហេតុ។ ប្រភពបន្តថា កាលពីព្រលប់ថ្ងៃដដែលព្រះអង្គសួន ចំរ៉ុង បានហៅប៉ូលិសមកនាំព្រះសង្ឃ៣អង្គដែលមានរូបខ្លួនផង យកទៅពិនិត្យទឹកនោមរកសារធាតុញៀន។ ឆ្លងកាត់ការពិនិត្យរូបខ្លួនរួមទាំងសង្ឃ២អង្គទៀត មិនមានវិជ្ជមានសារធាតុញៀននោះទេ ហើយប៉ូលិសក៍ចាកចេញទៅ។ប៉ុន្តែព្រះ អង្គ បែជាបកស្បង់ជីវរខ្លួនផ្សឹក ដោយមិនប្រាប់ពីមូល ហេតុ ទាំងខ្លួនមិនមានកំហុសអ្វីផ្សេងទៀតនោះឡើយ ។ ក្រោយរូបខ្លួនត្រូវបកស្បង់ជីវរផ្សឹក សង្ឃ២អង្គទៀតក៍បានចាកចេញពីវត្តព្រិន្ទដូចគ្នា។ ចំពោះរឿងនេះខ្លួនទាមទារអោយព្រះអង្គសួន ចំរ៉ុង និងព្រះចៅអធិការវត្តព្រិន្ទ បញ្ជាក់ពីកំហុសអោយបានច្បាស់ ព្រោះវាប៉ះពាល់ដល់កិត្តយស។
     ចំណែកស្ត្រីជាម្តាយមានឈ្មោះលី ហឿម ក៍បានបរិយាយថា កូនរបស់ខ្លួនបួសនៅវត្តព្រិន្ទបាន១វស្សាហើយ គឺមានច្បាប់អនុញាតិត្រឹមត្រូវ។ ដំបូងឡើយចោទថាសង្ឃទាំង៣អង្គជក់់់គ្រឿងញៀន លុះពេលយកប៉ូលិសមកពិនិត្យទឹកនោមរកមិនឃើញសារធាតុញៀន បែជាបកស្បង់ផ្សឹកដោយមិនបញ្ជាក់ពីមូល ហេតុ។តើនេះជារឿងគំនុំបុគ្គលឬយ៉ាងណា។ ស្ត្រីជាម្តាយអោយដឹងទៀតថា ប្រសិនបើចាប់បងស្បង់ផ្សឹកដោយមិនមានហេតុផលបែបនេះ មានន័យថា ជារឿងគំនុំុំ ហើយធ្វើដើម្បីបង្ខូចកិត្តិយសកូនរបស់ខ្លួន។អីចឹងទេបើទោះបីកូនរបស់គាត់ចង់ទៅបួសវត្តផ្សេងទៀតក៍ចៅអធិការមិនទទួលដែរ ព្រោះជាប់ឈ្មោះរឿងគ្រឿង ញៀនរួចទៅហើយ។
     ស្ត្រីជាម្តាយបញ្ជាក់ថា ប្រសិនបើព្រះអង្គសួន ចំរ៉ុង មិនបកស្រាយអោយច្បាស់ទេ រូបគាត់នឹងដាក់ពាក្យបណ្តឹងប្តឹងទៅតាមផ្លូវច្បាប់។
     ជុំវិញករណីផ្សឹកព្រះសង្ឃ ក្រោមរូបភាពពាក់ពន្ធ័ប្រើប្រាស់នូវសារធាតុញៀននេះ ព្រះចៅអធិការវត្តមហាប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ ព្រះនាម សនសារិទ្ធ បានមានសង្ឃដីកាថា សង្ឃដែលបានផ្សឹកនោះមានកំហុសដែលមិនអាចទុកបាន ដូចជា មិនគោរព វិន័យសង្ឃ.បង្កជម្លោះជាមួយគ្រូសូត្រឆ្វេងគ្រូសូត្រ ស្តាំ .និងជាមនុស្សមានប្រវត្តប្រើប្រាស់គ្រឿងញៀន។ ព្រះអង្គបន្តថា កាលពីល្ងាចថ្ងៃកើហេតុ សង្ឃទាំង៣ អង្គបានជក់គ្រឿងញៀន តែពួកគេផឹក ទឹកក្រូចកូកា កូឡាតាមក្រោយ ទើបពិនិត្យទឹកនោមរកមិនឃើញសារធាតុញៀន។ ហេតុដូច្នេះ ចាំបាច់ត្រូវតែផ្សឹក។
    ទោះបីយ៉ាងណា អតីតព្រះសង្ឃហ៊ាង សាវឿន បដិសេធទាំងស្រុង នូវសង្ឃដីកាព្រះចៅអធិការវត្តព្រិន្ទ រឿងថាជក់គ្រឿងញៀនហើយផឹកទឹកក្រូចកូកា កូឡា តាមក្រោយទើបរកមឲនឃើញសារធាតុញៀន។អតីតសង្ឃ ហ៊ាង សាវឿន ទាមទារសុំមានការជួបផ្ទាល់ជាមួយព្រះចៅអធិការវត្តព្រិន្ទ ដើម្បីបកស្រាយរាល់ការ ចោទប្រកាន់នេះ៕