តុលាការសៀមរាប បង្គាប់ឲ្យចៅសង្កាត់ និងចៅសង្កាត់រងទី១សង្កាត់ជ្រាវ រួមគ្នាសងប្រាក់ជាង១១ម៉ឺនដុល្លាទៅម្ចាស់គ្រឿងចក្រ


សៀមរាប៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប បានចេញសាលក្រមមួយដោយបង្គាប់ឲ្យលោក គង់ ប៊ឹប និងលោក ក្អោប រ៉ន រួមគ្នាសងប្រាក់ប្រមាណជាង ១១ម៉ឺនដុល្លាទៅឲ្យម្ចាស់គ្រឿង កាយដីក្នុងគម្រោងបារាយណ៍សិប្បនិមិត្តសម្តេចមហាសង្ឃរាជ ទេព វង្ស។
លោក គង់ ប៊ឹប ជាចៅសង្កាត់រងទី១ និងលោកក្អោប រ៉ន ជាចៅសង្កាត់ នៃសង្កាត់ជ្រាវ ក្រុងសៀមរាប។
យោងតាមសាលក្រមលេខ៣៣ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ ជា គីមឆែ ដែលជាម្ចាស់គ្រឿងចក្របានចុះកិច្ចសន្យាជាមួយសហចុងចម្លើយ ដើម្បីជីកស្រះ និងដឹកដី ចាក់ដី បង្វិលក្នុងចំណុចទីតាំងភូមិសាស្ត្រ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានចំនួន៦ហិតានិងជម្រៅ៦ម៉ែត្រ ដែលជារបស់សហចុងចម្លើយ ហើយមានតម្លៃពលកម្មក្នុងការជីក១ម៉ែត្រគូប មានតម្លៃ១ដុល្លាបីកាក់ ឬប្រហាក់ប្រហែលតម្លៃសរុបចំនួន៤៦៨ពាន់ដុល្លាអាមេរិកក្នុងមួយរណ្តៅដី។
លុះក្រោយមក នៅពេលដើមចោទ ជា គីមឆែ ហៅស៊ីង ធ្វើដីបានចំនួន១៨៣,១៤៩ម៉ែត្រគូប ដែលមាន តម្លៃសរុបចំនួនប្រមាណ២៣៨ ពាន់ដុល្លាអាមេរិក បើគិតជាភាគរយស្មើនឹង៥០%នោះ ចុងចម្លើយបានទូរទាត់លុយជាក់ស្ដែងបានទទួលតែចំនួន១០៣,៤៨០ដុល្លាប៉ុណ្ណោះ។
យោងតាមសាលក្រមដដែលបានឲ្យដឹងថា ក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ សហចុងចម្លើយបានផ្អាកការងាររបស់ដើមចោទ ដោយមិនទាន់បានទូទាត់ថ្លៃពលកម្មដែលនៅសេសសល់ចំនួនជាង១៣ម៉ឺនដុល្លានោះទេ ដោយសហចុងចម្លើយទទួលស្គាល់ និងគ្រាន់តែថាខ្លួននឹងទូទាត់ឲ្យនៅពេលក្រោយ។  ទោះយ៉ាងណា ដើមចោទក៏បានធ្វើការទាក់ទងទៅរកសហចុងចម្លើយជាច្រើនលើកច្រើនសា រតែសហចុងចម្លើយបានត្រឹមតសន្យាថានឹងទូរទាត់ថ្លៃពលកម្មនៅថ្ងៃនេះ ថ្ងៃនោះ ជាច្រើនលើកច្រើនសារ។
  យោងតាម លោក ជា គីមឆែ ដោយសារការគេចវេស មិនព្រមសងដូច្នេះទើបលោក តាមរយៈមេធាវី បានដាក់ពាក្យបណ្តឹងចូលតុលាការខេត្តសៀមរាប ដើម្បីឲ្យស្ថាប័នច្បាប់មួយនេះជួយរកយុត្តិធម៌ ។
     ពាក់ព័ន្ធការលើកឡើងនេះ អ្នកព័ត៌មានមិនអាចស្វែងរកជួបលោកគង់ ប៊ឹប ដើម្បីសុំការបកស្រាយបាន ទេនៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។ ប៉ុន្តែកាលពីពេលកន្លងទៅ លោក គង់ប៊ឹប ធ្លាប់បានឲ្យដឹងថា រឿងនេះកំពុងតវ៉ាគ្នាតាមផ្លូវតុលាការហើយ៕