អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាល​ពង្រឹងជំនាញ​បដិសណ្ឋារ កិច្ច​​សម្រាប់​ភ្នាក់ងារ​ទេស​ចរណ៍


ដោយ:កវី/សៀមរាប៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិ​អប្សរា​បាន​បើកវគ្គបណ្តុះបណ្តាលជំនាញ​ស្តីពី ការពង្រឹងបដិសណ្ឋារកិច្ច​ដល់មន្ត្រី​ និងបុគ្គលិក​ដែលកំពុងបម្រើការ​ជា​ភ្នាក់ងារ​ទេសចរណ៍ ចំនួន ១០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង កុ​សល អគ្គនាយករង និងជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម អគ្គនាយក ហង់ ពៅ នៅ​ថ្ងៃ ទី០៨ ខែ​កុម្ភៈ ឆ្នាំ២០២២

វគ្គបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ដែលធ្វើឡើងនៅ​សាល​សន្និសីទអង្គរ​នេះ​រៀបចំឡើងក្នុងគោលបំណង ផ្ដល់ជំនាញយ៉ាងត្រឹមត្រូវ​ដល់ភ្នាក់ងារ​ទេសចរណ៍​របស់អាជ្ញាធរអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ​ក្នុងដំណើរការ​គ្រប់​គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បី​រួម​ចំណែកការលើកតម្លៃ​សម្បត្តិ​បេតិកភណ្ឌរបស់​ពិភពលោក។

ការបណ្តុះបណ្តាល​បាន​ផ្តោតទៅលើខ្លឹមសារ៤ចំណុច រួមមាន៖ ១.របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍ ២.បទប្បញ្ញត្តិនៃការទស្សនាប្រាសាទ និងរម​ណី​យដ្ឋានអង្គរ ៣.ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ និងទី៤.​​បំប៉នជំនាញ​ភា​សាអង់គ្លេស​​សម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវៈ។

ឯកឧត្ដម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍​ក្នុងឱកាសនោះ​​ថា វគ្គ​បណ្តុះ​បណ្តាលជំនាញ​បដិសណ្ឋារកិច្ច គឺពិតជាមានសារ សំខាន់ណាស់ សម្រាប់មន្ត្រី និងភ្នាក់ងារ​ទេស​ចរណ៍នៃអាជ្ញាធរជាតិអប្សរា ​ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ដោយ​ត្រូវគិតគូរទាំងគុណ​ភាព​នៃសេវា កម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរដែល​មកលើប្រាសាទ​បុរា​ណ​។​ «យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាង ណាឱ្យភ្ញៀវទេសចរដែល​មក​ទស្ស​នាអង្គរ អាចទទួលបានបទពិសោធន៍ដ៏ល្អបំផុត ហើយផ្តល់ផលប៉ះពាល់ដ៏តិច​បំផុតដល់​តំ​បន់​រមណីយ​ដ្ឋាន​អង្គរ»។
ឯកឧត្ដម ឡុង កុសល​ មានប្រសាសន៍បន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាតែងយកចិត្ត​ទុកដាក់​ចំពោះ​ការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិកដើម្បីអភិវឌ្ឍន៍​សមត្ថ​ភាព និង​ចំណេះ ដឹង៕