ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព រាជាគណៈថ្នាក់កិត្តិយស បង្ហាញព្រះទ័យរីករាយនៅពេលនិមន្តទស្សនានៅរមណីយដ្ឋានអង្គរ

ក្នុងឱកាសនិមន្តទស្សនា ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព រាជាគណៈថ្នាក់កិត្តិយស មានសង្ឃដីការថា រមណីយដ្ឋានអង្គរជាទីកន្លែងសក្ការៈបូជាដ៏ស័ក្តសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ លើសពីនេះក៏ជាបេតិកភណ្ឌពិភពលោក ដែលមិនអាចកាត់ថ្លៃបាន របស់មនុស្សជាតិ។
ព្រះអង្គមានសង្ឃដីការបន្តថា ព្រះអង្គមានទឹកព្រះទ័យសប្បាយរីករាយ នៅពេលនិមន្តឃើញ ទិដ្ឋភាពដ៏ស្រស់ស្អាតនៃរមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត បានធ្វើការងារជួសជុល អភិរក្ស រួមទាំងបរិវេណនៅជុំវិញ រក្សាបាននូវទេសភាពបៃតងគ្រប់រដូវកាល។ ដោយកិច្ចការទាំងនេះក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា ក្នុងការលើកតម្លៃរមណីយដ្ឋានអង្គរឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។

ក្នុងឱកាសនោះព្រះអង្គក៏បានសំណូមពរ ដល់ភ្ញៀវទេសចរ ដែលមកទស្សនារមណីដ្ឋានអង្គរ ឱ្យចូលរួមថែរក្សា អនាម័យ កុំបោះចោលសំរាមពាសវាលពាសកាល និងកុំគូសវាសនៅតាមថ្មប្រាសាទ ដែលនាំឱ្យមានការខូចខាត បាត់បង់តម្លៃសម្បត្តិបេតិកភណ្ឌ ដែលជាស្នាដៃដូនតាបន្សល់ទុក។

ព្រះអង្គគ្រូ វជិរប្បញ្ញោ គូ សុភាព បង្ហាញក្តីសង្ឃឹមថា ក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩បានស្រាកស្រាន្ត នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើន៕