លោកជំទាវ ទាង អេង ទៀសីហា ស្នើឱ្យមន្ទីរអង្គភាពរដ្ឋទាំងអស់នៅក្នុងខេត្តសៀមរាប ជួយផ្សព្វផ្សាយ និងក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ

នៅក្នុងឱ្យកាសប្រគល់ជែលលាងដៃសរុបចំនួន ៥៥៤កេស ជូនមន្ទីរអង្គភាពជុំវិញខេត្តចំនួន៤៦ និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរា នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា រយៈពេល២ឆ្នាំមកហើយ ដែលកម្ពុជាយើងបានទទួលឥទ្ធិពល នូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះ ខេត្តសៀមរាបយើង ក៏បានទទួលរងគ្រោះដោយជំងឺដ៏កាចសាហាវនេះផងដែរ។ ហើយបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាព អាយុជីវិត រួមទាំងកង្វះខាតជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារ និងសហគមន៍ ពិសេសក្រុងសៀមរាប ដែលធ្លាប់ជាតំបន់បិទខ្ទប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះ។
លោកជំទាវបន្តថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលបង្ការជំងឺឆ្លងនេះគឺ ៣ការពារ ៣កុំ និងជាពិសេសជំរុញការចូលរួមចាក់វ៉ាក់សាំងដូលមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋក្នុងខេត្ត បានធ្វើឱ្យប្រជាពលរដ្ឋយើងមានភាពប្រសើរឡើងវិញជាបន្តបន្ទាប់។ ដែលការងារទាំងនេះ ជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងមន្រ្តីរាជការគ្រប់អង្គភាព ពិសេស លោក លោកស្រីជាគ្រូពេទ្យទាំងអស់ បានព្រួតដៃគ្នាយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃ ជំងឺកូវីដ-១៩នេះ យ៉ាងសកម្មបំផុតរហូតដល់ពេលនេះទើបយើងអាចជួបជុំគ្នាបាននាពេលនេះ។ ទោះបីជាយ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខភាពសុខាភិបាលនេះបន្តទៀត ដោយមិនត្រូវធ្វេសប្រហែសឡើយ។
លោកជំទាវ ទាង អេង បានបន្តថា ដោយសារតែស្ថានភាមានការធូស្រាលបន្តិច បងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏ដូចជាមានការប្រហែសខ្លះដែរ ដូចនេះ លោកជំទាវបានស្នើឱ្យមន្ទីរអង្គភាពរដ្ឋទាំងអស់នៅក្នុងខេត្តសៀមរាប ជួយផ្សព្វផ្សាយ និងក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ចាប់ខ្ចួន ព្រោះមេរោគកូវិដមិនទាន់ណាឆ្ងាយទេ។
ហើយបច្ចុប្បន្ននេះ ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបង្ការជំងឺកូវីដ-១៩ នេះទើប ឯកឧត្តមប្រធាន គណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូននូវជែលលាងដៃ ដែលបានទទួលពីកាកបាទក្រហមកម្ពុជាជូនដល់មន្ទីរអង្គភាពនានានៅថ្ងៃនេះ។ លោកជំទាវសង្ឃឹមថា ជែលលាងដៃដែលប្រគល់ជូននាថ្ងៃនេះ ពិតជាបានរួមចំណែកជួយការពារ និងកាត់បន្ថយការឆ្លង នៃជំងឺកូវីដ-១៩ ផងដែរ៕