វាលស្មៅជុំវិញប្រាសាទអង្គរវត្ត ទទួលការថែទាំដោយអាជ្ញាធរជាតិអប្សរាមានភាពស្រស់ខៀវខ្ចី


សៀមរាប៖ ចាប់ពីឆ្នាំ២០២០មក ក្រោមការណែនាំពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រុមការងារបច្ចេកទេសបានរៀបចំដាំស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោច ស្រពស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អនិងលើក កម្ពស់ភាពបៃតងខ្ចីនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការងារដាំស្មៅ និងការស្រោចស្រព ក្រុមការងារបានធ្វើជាប្រចាំថ្ងៃនៅជុំវិញប្រាសាទអង្គរវត្តធ្វើយ៉ាងណាឱ្យទីនោះមានពណ៌បៃតងខៀវខ្ចីគ្រប់រដូវកាល។ លោកបន្តថា ការងារស្រោចស្រពវាលស្មៅត្រូវយកចិត្តទុកដាក់ជាខ្លាំង ពិសេស នៅក្នុងរដូវប្រាំងដោយត្រូវបង្កើនការស្រោចទឹកយ៉ាងហោចណាស់ចំនួនពីរដងក្នុងមួយថ្ងៃ។
លោកបន្តថា ភាពខុសប្លែកទាំងនេះ ទទួលបានការចាប់អារម្មណ៍ និងកោតសសើរមិនដាច់ពីមាត់ពីសំ ណាក់ភ្ញៀវទេសចរគ្រប់រូបដែលបានមកទស្សនាប្រាសាទអង្គរវត្ត។

លោក ប៊ុន ឈីវ ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត បានឱ្យដឹងថា លោកពេញចិត្តចំពោះសកម្មភាពថែទាំ និងស្រោច ស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ការធ្វើបែបនេះ នឹងបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀត។ ពិសេស ភ្ញៀវទេសចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយនិងវាលស្មៅខៀវខ្ចីទាំងនោះ។

សូមបញ្ជាក់ថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹម តែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយ ចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជា ច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕