កម្ពុជានឹងឈានឆ្ពោះទៅគ្មានជំងឺគ្រុនចាញ់ និងជំងឺស៊ីស្តូ នាឆ្នាំ២០២៥ខាងមុខ !

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ តាមប្រព័ន្ធតភ្ជាប់ នៅក្រុងសៀមរាប សណ្ឋាគារចំនួន៣ ត្រូវបានបើកទទួលភ្ញៀវប្រមាណជាង២០០នាក់ក្នុងពេលតែមួយ ជាមួយនឹងកិច្ចដំណើរការអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ពិសេសជំហានចុងក្រោយ នៃការឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឆ្នាំ២០២៣ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី និងមានវត្តមាន លោក លោកស្រី តំណាងអង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយ រួមមានគំរោងមូលនិធិសកល ព្រមទាំងម្ចាស់ថវិការបដិភាគពី PMI-USAID, និង WHO, ផងដែរ។

នៅក្នុងមតិស្វាគមន៍របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបង្ហាញនូវមោទនៈភាពបំផុត ចំពោះរាល់លទ្ធផលការងារ និងសមិទ្ធិផលរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន កំពុងទទួលបានដំណើរការអភិវឌ្ឍន៍ជោគជ័យជាបន្តបន្ទាប់ ក្នុងយន្តការប្រតិបត្តិការកាន់តែរលូន ធានាបាននូវនិរន្តរភាពសកម្មភាពការងារ ។
ជោគជ័យទាំងនេះ គឺមានមកពីការចូលរួមនៃអ្នកគាំទ្រពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងម្ចាស់ជំនួយ បណ្តាភ្នាក់ងារអង្គការសហប្រជាជាតិ (អង្គការសុខភាពពិភពលោក, USAID, UNOPS) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អង្គការដៃគូរជាតិ-អន្តរជាតិនានា ផងដែរ ដែលសង្ឃឹមថា ការចូលរួមចំណែកទាំងនេះ នឹងនៅតែមានជាបន្តទៀត សំរាប់រាល់ការងារវិនិយោគប្រតិបត្តការលើកម្មវិធីជាតិទាំងបី ក្នុងទិសដៅកាត់បន្ថយអត្រាឆ្លង អត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ពិសេស កម្ពុជានឹងឈានឆ្ពោះទៅគ្មានជំងឺគ្រុនចាញ់ និងជំងឺស៊ីស្តូ នាឆ្នាំ២០២៥ ដែលជាជ្រុងមួយនៃការចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ពិតណាស់ថាអង្គសន្និបាត ស្ថិតក្នុងបំណងដើម្បីចែករំលែកបទពិសោធន៍ និងតម្រង់ទិសនៃក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ពិនិត្យមើលវឌ្ឍនភាព នៃកម្មវិធីជាតិទាំងបី និងចែករំលែកលទ្ធផលគម្រោង និងទិសដៅនៃជំហានចុងក្រោយឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ពិសេសនោះគឺការចែករំលែកលទ្ធផលស្តីពីការព្យាបាលផ្តាច់ជំងឺគ្រុនចាញ់ប្រភេទ ផ្លាស់ស្មូដ្យូមវីវ៉ាក់ ហើយក៏សំខាន់ណាស់ដែរ ការចែករំលែកសមិទ្ធផល និងបទពិសោធន៍របស់ដៃគូជាតិ-អន្តរជាតិ វិនិយោគផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រុញបន្ថែមដែរថា ការរកឃើញជំងឺគ្រុនចាញ់ គឺត្រូវព្យាបាលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ព្រមជាមួយនឹងតាមដានគ្រប់ករណីជំងឺគ្រុនចាញ់ទាំងអស់ រួមទាំងផ្តល់នូវមធ្យោបាយការពារផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាព ឲ្យបានយ៉ាងហោចណាស់ ៩០ភាគរយ ក្នុងចំណោមប្រជាជនដែលមានហានិភ័យខ្ពស់។ បន្ថែមពីនេះ ក៏ត្រូវពង្រឹងការអង្កេតតាមដានជំងឺគ្រុនចាញ់របស់កម្មវិធី ជាតិ និងប្រព័ន្ធតាមដាន និងវាយតម្លៃដែលសមស្រប សម្រាប់សកម្មភាពលុបបំបាត់ និងកំចាត់ជំងឺគ្រុនចាញ់ រួមទាំងការទប់ស្កាត់ការកើតមានឡើងវិញនៃជំងឺគ្រុនចាញ់ផង ដែរ។ អ្វីដែលត្រូវយកចិត្តទុកដាក់ទៀតនោះ គឺការលើកកម្ពស់សមត្ថភាពមន្រ្តីសុខាភិបាល ដើម្បីគ្រប់គ្រង ពង្រឹងសកម្មភាព ធានានិឲ្យបាន និរន្តរភាពនៃកិច្ចខិតខំ ប្រឹងប្រែងក្នុងការកំចាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជាពិសេសនៅថ្នាក់ខេត្ត និងថ្នាក់ស្រុកប្រតិបត្តិ៕