ឧកញ៉ាទូច សៀ កំពុងយកចិញ្ចើមផ្លូវជាតិលេខ៦ ធ្វើជាចំណតរថយន្តតាក់ស៊ីគ្រប់ប្រភេទ

ដោយ:កវី/សៀមរាប៖ ចិញ្ចើមផ្លូវជាតិលេខ៦ចាប់ពីចំណុចភ្លើងស្តុបចុងកៅស៊ូ រហូតដល់ចំណុចមុខភោជ នីយដ្ឋានអាប៉ូឡូប្លាស្សា បច្ចុប្បន្ននេះបានក្លាយទៅជាចំណតរថយន្តតាក់ស៊ីគ្រប់ប្រភេទទៅហើយ។
   ការដែលបណ្តោយអោយមានភាពអនាធិបតេយ្យនៅកណ្តាលក្រុងទេសចរណ៍បែបនេះ គេសង្ស័យថា ជាការផ្តួចផ្តើម ឬជាភាពកំសោយរបស់លោក ឧកញ៉ា ទូច សៀ ត្បិតឧកញ៉ារូបនេះជាអ្នកគ្រប់ចំណតរថយន្តក្នុងក្រុងសៀមរាប។
   ក្នុងក្រុងសៀមរាបនាពេលកន្លងទៅ អាជ្ញាធរក្រុងនិងខេត្តបានរៀបចំអោយមានចំណតចំនួនពីរ ទី១នៅ ក្នុងបុរីសៀងណាំ និងទី២នៅក្នុងសង្កាត់ស្រង៉ែនៃផ្នែកខាងលិចក្រុង។ ការដែលរៀបចំអោយមានចំណតបែប នេះគឺដើម្បីអោយរថយន្តគ្រប់ប្រភេទចូលចតក្នុង ចំ ណត បញ្ជៀសការកកស្ទះផ្នែកចរាចរណ៍និងបញ្ជៀស ការផ្ទេរទំនិញឬការចាប់ម៉ូយបង្កភាពអនាធិបតេយ្យលើដងផ្លូវ។
   ប៉ុន្តែមួយរយះចុងក្រោយនេះ ក្រោមការគ្រប់គ្រងរបស់ឧកញ៉ាទូច សៀ គេសង្កេតឃើញភាពអនាធិប តេយ្យបានកើតឡើងជាប្រចាំ។ មិនថារថយន្តតាក់ស៊ី ឬរថយន្តក្រុងនោះទេ បានឈប់លើចិញ្ចើមផ្លូវជាតិលេខ៦ សាងទំនិញ និង រត់ដេញគ្នាចាប់ម៉ូយយ៉ាងប្រសេកប្រសាចពេញដងផ្លូវជាតិ។ ក្រៅពីនោះក៍បានបណ្តោយអោយរថយន្តខ្នាតធំៗ បើកដឹកទំនិញចូល ក្នុងក្រុងតាមចិត្ត ដោយគ្រាន់តែអោយកូនចៅរបស់ខ្លួនឃាត់ស្ទាក់អោយបង់លុយតែប៉ុណ្ណោះ។ សកម្ម ភាពគ្រប់គ្រងចំណតរថយន្តរបស់ឧកញ៉ា ទូច សៀ ក្រៅពីបង្កភាពអនាធិបតេយ្យ បំផ្លាញសណ្តាប់ធ្នាប់សង្គម ក៍បណ្តោយអោយរថយន្តធំទាំងនោះ បំផ្លាញផ្លូវក្នុងក្រុងផងដែរ។
   ភាពកំសោយរបស់ ឧកញ៉ា ទូច សៀ បានបង្ខំចិត្តដល់មហាជនទូទាំងក្រុងសៀមរាប ស្នើទៅថ្នាក់លើអោយមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងចំណតរថយន្តត្បិតឧកញ៉ារូបនេះ ហាក់គ្មានសមត្ថភាព ក្នុងការរៀប ចំរថយន្តអោយចូលចតក្នុងចំណតនោះឡើយ។
   មហាជនបានលើកឡើងថា ក្នុងមួយថ្ងៃៗ គេឃើញបុគ្គលិករបស់ឧកញ៉ាទូច សៀ ដាក់ពង្រាយតាមដង ផ្លូវផ្នែកខាងលិចក្រុង និងខាងកើតក្រុង ក្នុងការឃាត់ស្ទាក់រថយន្តអោយបង់លុយបេន តែមិនមានអ្នក រៀប ចំអោយរថយន្តចូលចតក្នុងបេននោះឡើយ។
   មហាជន សង្ឃឹមថា ថ្នាក់លើនឹងពិចារណា ក្នុងការ ដោះដូរអ្នកគ្រប់គ្រងចំណតជាថ្មី ប្រសិនបើឧកញ៉ារូបនេះ គ្មានសមត្ថភាព ហើយនៅតែបន្តអោយមានភាពអនាធិបតេយ្យ ក្នុងក្រុងទេសចរ តទៅទៀត។
    ជុំវិញករណីខាងលើនេះ អ្នកព័ត៍មានមិនអាចស្វែង រកជួបលោកឧកញ៉ា ទូច សៀ ដែលជាអ្នកទទួលបានសិទ្ធិក្នុងការគ្រប់គ្រងចំណតរថយន្ត ដើម្បីសុំការពន្យល់បានទេ នៅព្រឹកថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២២ នេះ។ សារព័ត៍មានយើងរងចាំបកស្រាយ ចំពោះការប្រតិកម្មរបស់ភាគី រាល់ម៉ោងធ្វើការ៕