ក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា ធ្វើការជួស ជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ


សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលកម្រាលផ្លូវចូលប្រាសាទព្រះគោ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការងារសំខាន់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់ក្នុងការជួសជុល រួមមាន ជួសជុលពង្រឹងកម្រាលថ្មបាយក្រៀមដែលបុព្វបុរសបានក្រាលលើផ្លូវចូលប្រាសាទ ដែលថ្មមួយចំនួនត្រូវពុកផុយ បាក់ស្រុត និងបាត់បង់ឡើងវិញ។ ដោយធ្វើការពង្រឹងគ្រឹះក្រោម ជួសជុលថ្មដែលបាក់ខូច និងស្វែងរកថ្មដែលបាត់មកដាក់តាមទីតាំងដើម។

ការងារជួសជុល ថែទាំ នេះជាផ្នែកមួយនៃកិច្ចអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានធ្វើជាប្រចាំ ដើម្បីថែរក្សាប្រាង្គប្រាសាទបុរាណ អោយនៅគង់វង្សយូរអង្វែង៕