ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន foodpanda


សៀមរាប៖ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ តំណាងក្រុមហ៊ុនដឹកជញ្ជូន ម្ហូបអាហារ foodpanda (ក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) លោក Patrice Vignes នាយកគ្រប់គ្រង បានចូលជួបសម្ដែងការ គួរសមជាមួយឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា។

នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ foodpanda មានបំណងស្វែងយល់ពីភារកិច្ចការងារ សកម្មភាពផ្សេងៗក្នុងការលើកស្ទួយ ថែរក្សា គ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងស្វែងរកលទ្ធភាពដែលក្រុមហ៊ុនអាចសហការជាមួយអាជ្ញាធរជាតិអប្សរាស្របទៅតាមទិសដៅ និងបេសកកម្មការងាររបស់អាជ្ញាធរជាតិអប្សរា។

ក្នុងឱកាសនោះ ឯកឧត្តម ឡុង កុសល  បានលើកឡើងនូវភារកិច្ច និងតួនាទីរបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ ឯកឧត្តម បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបំណងសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងពិនិត្យមើលលទ្ធភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការនេះ៕