អ្នកភូមិជិត៥០គ្រួសារសុំអោយអាជ្ញា ធរផ្តល់ដីដល់ពួកគាត់អា ស្រ័យផលជាបន្ត


សៀមរាប៖ ក្រុមអ្នកភូមិប្រមាណជិត៥០ គ្រួសារ ដែលកំពុងអាស្រ័យផលលើផ្ទៃដីជាង៤ហិកតាក្នុងភូមិ សាស្ត្រស្រុកស្វាយលើ បានស្នើសុំអាជ្ញាធរអាស្រ័យ ផលជាបន្ត។
ការស្នើសុំបែបនេះ គឺបន្ទាប់ពីពួកគាត់ដាំដុះអស់រយៈ ពេលជិត៣ឆ្នាំមកហើយ តែត្រូវមន្ត្រីបរិស្ថាន និងអនុភូមិទៅបណ្តេញពួកគាត់ចេញ ហើយយកដីនោះដាក់ប្រកាសលក់។
   ក្រុមអ្នកភូមិ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានបានផ្តល់បទសម្ភាសន៍នៅទីតាំងដីថា ផ្ទៃដីជាង៤ ហិកតាដែលពួកគាត់អាស្រ័យផលនេះ ក្នុងម្នាក់ទទួលបានត្រឹមតែ១៥គុណ១០០ម៉ែត្រប៉ុណ្ណោះ ហើយក៏មិនមានការកាប់រានព្រៃបន្ថែមនោះទេ។ដីខាងលើនេះស្ថិតក្នុងភូមិក្រមុំបូល ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀម រាប។ ដីនេះពួកគាត់កាន់កាប់ដាំដុះជិត៣ឆ្នាំមកហើយ ដោយអ្នក ខ្លះមានលិខិតទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំផងដែរ។ តែរយៈកាលចុងក្រោយនេះ លោកអនុប្រធានភូមិឈ្មោះសំណាង រួមនឹងមន្ត្រីបរិស្ថានស្នាក់ការអូរប៉ារ៉ា ទៅបណ្តេញពួកគាត់ចេញដោយគំរាមវាយខ្នោះ ក្នុងករណីមិនព្រមចាកចេញហើយ ហើយយកដីទាំងនោះទៅដាក់ប្រកាសលក់ទៅវិញ។
    លោកប៉ាក់ ម៉ាច អ្នកភូមិម្នាក់ក្នុងចំណោមជិត៥០ នាក់បានរៀបរាប់ថា ពួកគាត់មកពីស្រុកជីក្រែង ខេត្ត សៀមរាប។ ដោយឃើញដីក្នុងភូមិសាស្ត្រខាងលើមិនមានព្រៃ ហើយក៏មិនមានម្ចាស់កម្មសិទ្ធិ ពួកគាត់ក៏បានស្នើសុំទៅអាជ្ញាធរភូមិនិងឃុំ ដាំដុះអាស្រ័យ ផល រយៈពេលជិត៣ឆ្នាំមកហើយ ដោយក្នុង១គ្រួសារបាន ១៥គុណ១០០ម៉ែត្រ។ តែរយៈពេលចុងក្រោយនេះ លោកអនុប្រធានភូមិឈ្មោះសំណាង និងមន្ត្រីបរិស្ថានទៅបណ្តេញពួកគាត់ចេញ គំរាមនិងធ្លាប់ចាប់មនុស្សហើយយកដីនោះដាក់ផ្លាកប្រកាសលក់ទៅ វិញ។ សកម្មភាពដែលពួកគេបានធ្វើរបៀបនេះមិនខុសអីពី ទៅប្លន់យកដីរបស់ពួកគាត់ឡើយ។ ករណី នេះ ពួក គាត់សុំសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាចុះពិនិត្យ និងផ្តល់ដីដល់ពួកគាត់ដើម្បីបន្តអាស្រ័យផលវិញ។
   ក្នុងពេលអ្នកភូមិកំពុងផ្តល់បទសម្ភាសន៍ គេឃើញមន្ត្រីបរិស្ថានស្នាក់ការអូរប៉ារ៉ាពីររូប ប្រដាប់ដោយកាំ ភ្លើង បានចុះទៅដល់ទីតាំង។ ប៉ុន្តែមន្ត្រីទាំងនោះមិន បានផ្តល់សម្ភាសន៍ ឬបកស្រាយពីការចោទប្រកាន់របស់អ្នកភូមិថា ដេញពួកគាត់ចេញហើយយកដីនោះដាក់ប្រកាសលក់នោះឡើយ ដោយអោយអ្នកសារព័ត៌ មានសួរទៅប្រធានស្នាក់ការ។
    ចំណែកប្រធានស្នាក់ការបរិស្ថានអូរប៉ារ៉ា បានថ្លែងថា ការដែលប្រជាពលរដ្ឋលើកឡើងថា រូបលោក ក៏ ដូចជាមន្ត្រីក្រោមឱវាទឃុបឃិតគ្នាបណ្តេញពួកគាត់ចេញ ហើយយកដីនោះទៅលក់ឲ្យអ្នកផ្សេងនោះជារឿងមិនពិតទេ។ លោកថា លោកហ៊ានអះអាងថា មន្ត្រីបរិស្ថានរបស់លោកគ្មាននរណាម្នាក់ពាក់ព័ន្ធនឹងការលក់ដីព្រៃរបស់រដ្ឋឡើយ។ ប្រជាពលរដ្ឋទាំងនោះមិន មែនជាអ្នកភូមិចាស់នៅតំបន់នោះទេ ពួកគាត់ជាអ្នកមកពីស្រុកផ្សេង ខេត្តផ្សេង ដែលមកចាប់ដីនៅតំបន់នោះ។ លោក បញ្ជាក់ថា បន្ទាប់ពីមានបាតុភាពបែប នេះ មន្ត្រីរបស់លោកបានហាមឃាត់និងឲ្យពួកគាត់ចាកចេញពីតំបន់ខាងលើនេះ។ ប៉ុន្តែបន្ទាប់ពីបាត់មុខបានប៉ុន្មានឆ្នាំក៏ស្រាប់តែលេចមុខពួកគាត់ចេញមកបោះតង់ចាប់ដីជាថ្មីម្តងទៀតទើបមានការហាមឃាត់បែបនេះ។
   ទោះបីយ៉ាងណា ប្រធានស្នាក់ការបរិស្ថានអូរប៉ារ៉ា មិនព្រមបង្ហាញឈ្មោះរបស់ខ្លួននោះទេ មិនដឹងថាមាន អាថ៍  កំបាំងអ្វី.? បើទោះបីជាមានការស្នើសុំជាច្រើនដងក៍ដោយ៕