អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្ត លើកកម្ពស់កិច្ចសហការដើម្បីការពារនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់ ១ និងតំបន់២នៃរមណីយដ្ឋានអង្គរ


សៀមរាប៖ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋានមកពីសង្កាត់ ឃុំ និងតំណាងរដ្ឋបាលក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំដែលមានភូមិសាស្ត្ររដ្ឋបាលក្នុងតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ ប្រមាណជាង៦០នាក់ អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការគ្រប់គ្រងដីធ្លីតំបន់១ និងតំបន់២ នៃរមណីយ ដ្ឋានអង្គរ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

សិក្ខាសាលានេះរៀបចំឡើងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២នៃរមណីយដ្ឋានអង្គរ។

ឯកឧត្ដម ឡុង កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ដែលជាអធិបតីនៃអង្គសិក្ខា សាលានោះ មានប្រសាសន៍ក្នុងពេលបើកសិក្ខាសាលាថា តំបន់១ និងតំបន់២ របស់រមណីយដ្ឋានអង្គរ គឺជាតំបន់សំខាន់ជាងគេ ដែលត្រូវការពារខ្ពស់បំផុត ព្រោះនៅរៀងរាល់ពេលបោះឆ្នោតម្តងៗ គឺពលរដ្ឋមួយចំនួនតែងតែឆ្លៀតឱកាស លួចសាងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារទាំងឡាយនៃរមណីយដ្ឋានអង្គរ។ ហើយបញ្ហាបំពានទៅលើតំបន់ការពារនៃរមណីយ ដ្ឋានអង្គរទាំងឡាយ គឺទាំងអាជ្ញាធរជាតិអប្សរា និងទាំងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុងស្រុក និងខេត្តសៀមរាប ត្រូវតែស្វែងរកដំណោះស្រាយទាំង អស់គ្នា ដើម្បីបញ្ជៀសនូវបញ្ហាទាំងឡាយដែលជាផលប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលនៃរមណីយ ដ្ឋានអង្គរ។

អង្គសិក្ខាសាលាក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ន់ សុជាតិ លោកជំទាវ ជា សុកនួន លោក សួង សុភា មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា និងបានធ្វើបទបង្ហាញអំពីឯកសារគតិយុត្តសំខាន់ៗជូនអង្គសិក្ខា សាលា និងពិភាក្សាអំពីតួនាទី កាតព្វកិច្ចរបស់ផ្នែកពាក់ព័ន្ធដើម្បីធានានូវប្រសិទ្ធិភាពការងារដោយប្រកាន់នូវគោលការណ៍ច្បាប់៕