អាជ្ញាធរជាតិអប្សរាបញ្ចប់ការធ្វើកំណាយស្រាវជ្រាវទួលឡ TDCK 7a ក្រុមឡទ្វារដីឆ្នាំងនៃអង្គរធំ


សៀមរាប៖  ក្រុមបុរាណវិទ្យានៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានបន្តការសិក្សា និងបញ្ចប់ការធ្វើកំណាយស្រាវជ្រាវឡដុតភាជន៍ប្រើប្រាស់ប្រចំាថ្ងៃ នៃសហ គមន៍ស្មូនបុរាណនៅឡទ្វារដីឆ្នាំងនៃក្រុងអង្គរធំ។

លោក ទិន ទីណា អនុប្រធានទទួលបន្ទុករួមមជ្ឈម ណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កាលពីចុងឆ្នាំ ២០១៩កន្លងទៅ ក្រុមការងារមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានធ្វើកំណាយនៅទួលត្រពាំងបុស្ស ក្នុងគោលបំណងបញ្ជាក់ឱ្យច្បាស់ថាទួលនេះជាឡដុតភាជន៍សម័យបុរាណឬយ៉ាង ណា? តាមរយៈលទ្ធផលកំណាយ ក្រុមការងារបានរកឃើញរចនាសម្ពន្ធឡដុតភាជន៍ក្នុងសីតុណ្ហភាពទាប ដូចជា ឆ្នាំង ក្អម ក្រឡ និងក្បឿង។ល។ លោកបានបន្តទៀតថា យោងលើលទ្ធផលស្រាវជ្រាវ ដែលជាមូលដ្ឋានទិន្នន័យមួយយ៉ាងសំខាន់ដែលអាចបញ្ជាក់បានថា នៅលើទំនប់ស្ថិតនៅជ្រុងភាគពាយព្យខ្លោង ទ្វារដីឆ្នាំងនៃក្រុងអង្គរធំ មានឡដុតភាជន៍សម័យបុរាណពិតប្រាកដមែន ដូច្នេះហើយទើបក្រុមការងារមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានបន្តស្រង់ទិន្នន័យបណ្តុំឡដុតភាជន៍ និងបោះបង្គោលប្រថពីវិភាគនៃនិយាមភូមិសាស្ត្រ (G.P.S) នៅទីតាំងទ្បទ្វារដីឆ្នាំងនៃក្រុងអង្គរធំដើម្បីកំណត់ពីវិសាលភាពស្ថានីយ កំណត់ចំនួនទួលទ្ប និងបែងចែកក្រុមទួលឡ។ល។  ជាលទ្ធផលយើងអាចកំណត់បានថា បណ្តុំទួលឡដុតភាជន៍នៅក្រុមឡទ្វារដីឆ្នាំងនៃអង្គរធំ មានទួលឡសរុបចំនួន២៤ និងចែកចេញជា១១ក្រុម។

លោកបន្តថា តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២២មក ក្រុមការងារបានជ្រើសយកទួលមានលេខសម្គាល់ TDCK7a ក្នុងក្រុមទី៧ ដើម្បីធ្វើកំណាយស្រាវជ្រាវ។ គោលគំនិតនៃការធ្វើកំណាយស្រាវជ្រាវទួលឡនេះ គឺដើម្បីសិក្សាបន្ថែមពីរចនាសម្ព័ន្ធឡផ្សេងៗទៀត នៅ ក្នុងបរិវេណឡទ្វារដីឆ្នាំង ថាតើមានទម្រង់ដូចឡ TDCK1 (ទួលត្រពាំងបុស្ស) ដែរឬទេ និងដើម្បីស្វែងយល់ពីការប្រាស័យទាក់ទងគ្នារបស់ក្រុមស្មូននៅទ្បទ្វារដីឆ្នាំង។
លោកបន្តថា រហូតមកដល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២២នេះ ជាលទ្ធផលនៃកំណាយស្រាវជ្រាវ បានរកឃើញសំណល់រចនាសម្ពន្ធឡដុតភាជន៍ ដែលមានរចនាសម្ពន្ធដូចគ្នាទៅនិងឡ TDCK1 ប៉ុន្តែមានលក្ខណៈខុសប្លែកត្រង់ថា នៅលើនៅទួល TDCK1 មានឡតែមួយ ចំណែកឡនៅលើទួល TDCK7a រកឃើញមានឡចំនួន៤ មានចរន្តភ្លើងរត់ពីក្រោមឡើងទៅលើដូចចង្រ្កាន ហើយយោងតាមលទ្ធផលស្រាវបញ្ជាក់ថា ឡទាំងនោះចំនួន២ឬ៣អាចដុតដំណាល គ្នាក្នុងពេលតែមួយ។

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាល ភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរបានឱ្យដឹងថា ក្នុងចំណោម ឡដុតកុលាលភាជន៍ទាំង៤ នៅទួល TDCK7a នេះ មិន មែនមានទំហំធំទាំងអស់ទេ ដោយឡខ្លះ មានអង្កត់ ផ្ចិតកម្ពស់ត្រឹមតែ១ម៉ែត្រកន្លះ និងខ្លះទៀតមានទំហំដូចគ្នានិងឡនៅទួល TDCK1 មានប្រវែងមុខកាត់ ២ម៉ែត្រ២តឹក និងបណ្ដោយ៣ម៉ែត្រ។ ដែលអាចសន្និដ្ឋានបានថា ជារចនាសម្ព័ន្ធឡបុរាណមួយ ដែលចាប់ផ្តើមផលិតកុលាលភាជន៍នៅចុងសតវត្សរ៍ទី១៣ និងបញ្ចប់នៅដើមសតវត្សរ៍ទី១៥៕