សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បារាំង និងជប៉ុន ប្រកាស ជួយជ្រោមជ្រែងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរយៈពេល១០ឆ្នាំទៀត


សៀមរាប៖សហប្រធានបារាំង និងជប៉ុន បានប្រកាសពីការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី២៨ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ដោយមានវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា។

ការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធនៃកិច្ចប្រជុំ។ សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៩៣ ហើយនឹងត្រូវបញ្ចប់អាណត្តិទី៣របស់ខ្លួននៅចុងឆ្នាំ២០២៣។ តាមរយៈនៃការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរនឹងបន្តអាណត្តិលើកទី៤រហូតដល់ឆ្នាំ២០៣៣

ក្នុងរយៈពេល៣០ឆ្នាំមកនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានទទួលជោគជ័យជាប្រវត្តិសាស្ត្រនូវការ ធានាបានការជួសជុលប្រាង្គប្រាសាទធ្វើយ៉ាងណាធានាបាននូវភាពរឹងមាំរបស់ប្រាង្គប្រាសាទ ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព ការគ្រប់គ្រងជួសជុល អភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ចំពោះរយៈពេល១០ឆ្នាំខាងមុខទៀត គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងផ្តោតទៅលើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងរវាងបេតិកភណ្ឌ និសហគមន៍ដែលធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ៕