ឥណ្ឌាចុះអនុស្សរណៈយោគយល់គ្នាជាមួយ អាជ្ញាធរជាតិសំបូរព្រៃគុក លើគម្រោងជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី (N17)


សៀមរាប៖មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិ សំបូរព្រៃគុក ឱ្យដឹងថា អាជ្ញាធរនេះ នឹងសហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋ ឥណ្ឌា ដើម្បីឈានទៅរកការជួស ជុល និងសង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលកសាងឡើងពីថ្មភក់ដែលចាស់ទ្រុឌ ទ្រោមហើយកំពុងរងការខូចខាតនោះ ឱ្យរឹងមាំឡើង វិញ។  

ឯកឧត្តម ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ បន្ទាប់ ពីកិច្ចប្រជុំពេញអង្គនៃគណកម្មាធិការ គណៈកម្មា ធិការ អន្តរជាតិសម្របសម្រួលកិច្ច គាំពារនិង អភិ វឌ្ឍន៍តំបន់រមណីយ ដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ(ICC Angkor) ថានៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិសំបូរព្រៃគុក បានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នាជាមួយលោកជំទាវបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជួសជុលនិង សង្គ្រោះប្រាសាទគុក ឬប្រា សាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និងកំពុងរងការខូចខាតឱ្យមាននិរន្តរភាពប្រសើរឡើងវិញ ។

ពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨  នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ (អាយស៊ីស៊ី-អង្គរ) នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្ត សៀមរាប  ក្រោមអធិបតីភាពរបស់លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។

ឯកឧត្តម ផាន់ ណាឌី  មានប្រសាសន៍បន្តថាលក្ខណៈនៃក្រុមប្រាសាទសំបូរព្រៃគុក គឺប្រាសាទភាគច្រើនសង់ពីឥដ្ឋ តែការចុះអនុស្សារណៈជាមួយឥណ្ឌានៅពេលនេះ គឺផ្ដោតលើគម្រោងជួសជុលប្រាសាទគុក ឬប្រាសាទមហាឥសី (N17)  ដែលសង់ពីថ្មភក់ហើយប្រាសាទនេះ មានរចនាបទស្រដៀងគ្នាទៅនឹងប្រាសាទរបស់ឥណ្ឌាទើបធ្វើ ឱ្យឥណ្ឌាចាប់ អារម្មណ៍លើគម្រោងជួសជុលនោះ។ 

សូមបញ្ជាក់ថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចាប់ ផ្ដើមការងារ តាំងពីដើមឆ្នាំ២០១៧  ដោយផ្តោតការយកចិត្តទុកដាក់ជំហានដំបូងលើ  ២ចំណុច គឺទី១ ជួយអន្តរាគមន៍បន្ទាន់លើការជួសជុល ការថែទាំប្រា សាទបុរាណដែលជាប្រភេទប្រាសាទឥដ្ឋ មានវ័យចំណាស់ជាងគេ តាំងពីសតវត្សរ៍ទី៧ គឺមុនសម័យអង្គរទៅទៀត  ដែលកំពុងប្រឈមនឹងការជ្រុះបាក់ បែក។  ចំណែក ចំណុចទី២ គឺ យកចិត្តទុករៀបចំលំនៅដ្ឋាន និងសំណង់នានារបស់ប្រជាពលរដ្ឋ  កុំឱ្យមានការរីករាលដាលចូលទៅក្នុងតំបន់ការពារសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕