អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន TotalEnergies ដាំដើមឈើ​នៅក្នុងរមណីយដ្ឋានអង្គរ


សៀមរាប៖ក្រុមហ៊ុន TotalEnergies បាន​សហការជាមួយអាជ្ញាធរជាតិអប្សរា រួមគ្នាដាំដើមឈើចំនួនជាង ១០ ០០០ ដើម នៅមុខបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ កាលពីព្រឹក​ថ្ងៃទី២៦​ខែ​មីនា​ឆ្នាំ​២០២២​​ ដើ​ម្បី​ថែរក្សាទេសភាពវប្បធម៌ បង្កើតគម្រប​បៃតង​ដល់​បរិស្ថាន​នៅ​ក្នុង​តំបន់អង្គរ ហើយក៏បង្កើតជា​ជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។

ពិធីដាំដើមឈើ​ស្ថិត​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ និង​ជា​ប្រធាន​ក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការ ចូល រួមពី​​ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ​ អភិ​បា​ល​រង​ខេត្តសៀមរាប និងលោក​ស្រី Dinah KUMAR ប្រធានគ្រប់គ្រង​ក្រុមហ៊ុនតូតាល់​អេ​នើ​ជីនៅកម្ពុជា ព្រមទាំងព្រះសង្ឃ​ ​ថ្នា​ក់​ដឹកនាំ មន្ត្រី-បុគ្គលិក​ប្រមាណ ២០០នាក់។

លោកជំទាវបណ្ឌិត​សភាចារ្យមានប្រសាសន៍​នៅក្នុងពិធីដាំកូនឈើ​នោះ​ថា តំបន់​អង្គរ​ជា​កេរ្តិ៍​មត៌កដូនតាខ្មែរ​រាប់ជំនាន់មកហើយ​ ពោលគឺ​ប្រាសាទតែងតែនៅជាមួយមនុស្ស ​នៅ​ជា​មួ​យ​ព្រៃព្រឹក្សា និង​ទឹក។ ​អ្វីដែលយើងធ្វើនៅថ្ងៃ​នេះ​គឺ​ជាផ្នែកមួយ​ក្នុងការថែរក្សា​មត៌ក​​វប្ប​ធម៌​រប​ស់​យើង។ ​
​លោកជំទាវមានប្រសាសន៍ទៀតថា​ មិនចំពោះតែប្រាសាទ​ទេ សូម្បី​តែ​នៅតាមវត្តអារាមនា​នា​គឺ​ព្រះសង្ឃ តែង​មាន​ផ្តល់ឱវាទឱ្យ​ពុទ្ធបរិស័ទ្ធ​ដាំដើមឈើ ពីព្រោះ​ដើមឈើ​បានផ្ត​ល់​​នូវ​ប្រ​យោ​ជន៍ជាច្រើនដល់មនុស្ស។​​​
​​បច្ចុ​ប្បន្ន​នេះ នៅ​តំបន់​អង្គរ​ ក្រៅពីការជួយការពារប្រាសាទ ការដាំកូនឈើ​​រឹតតែមានសារៈ​សំខាន់​ថែម ទៀតចំពោះបរិស្ថាន ដែលជាការចូលរួមឱ្យសម្រេច​​គោលនយោ​បាយ “ហ្សេរ៉ូកាបោន” ​​ក្នុង​ពេល​ដែល​ពិភ​ព​លោក​កំពុងមានបញ្ហា​ប្រែប្រួលអាកាសធាតុ។

​លោកជំទាវបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​​គំនិតផ្តួចផ្តើមរបស់​ក្រុម​ហ៊ុ​ន Total Energies ដែល​បាន​សហការ​ជា​មួយ​អាជ្ញាធរជាតិអប្សរា រួមគ្នា​ដាំដើមឈើ  ធ្វើឱ្យមានភាព​ស្រ​ស់​បំ​ព្រង​នៅ​រមណីយដ្ឋានអង្គរ ដែលអាចបន្សល់ទុក ស្នា ដៃល្អ​​សម្រាប់កូនចៅជំនាន់ក្រោយ។​

សូមបញ្ជាក់ថាក្រុមហ៊ុន Total Energies បានចុះអនុស្សរណៈយោគយល់​គ្នាជាមួយអាជ្ញាធរជាតិ​អប្សរា លើគម្រោង​ដាំ និងថែទាំដើមឈើ (Angkor TotalEnergy Park) សម្រាប់រយៈពេល ៥ឆ្នាំ (២០២១-២០២៦)៕