សាលរបាំប្រាសាទតាព្រហ្ម គ្រោង បើក ឱ្យទេសចរចូលទស្សនានាពេលឆាប់ខាងមុខនេះ


សៀមរាប៖ គម្រោងជួសជុលសាលរបាំនៃប្រាសាទ តាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជា ស្ថា ពរ ហើយគ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលទស្ស នាបាន ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោកបណ្ឌិត Dr Sing Sood មានប្រសាសន៍ថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុម ការងារកំពុងបង្ហើយការងារតូចៗដែលនៅសេស សល់ ។ លោកប្រាប់ថា ប្រហែល២ខែទៀត សាលរបាំ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ចាប់ពីឆ្នាំ២០១១ មក អាចនឹងបើកដំណើរការឱ្យទេសចរចូលទស្សនា។

គម្រោងជួសជុលសាលរបាំ មានរយៈពេល១១ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។ ទីតាំងនេះ ដើម ឡើយជាគំនរថ្ម ដែលរងការខូចខាតស្ទើរទាំងស្រុង។ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅកាត់ថា (ASI) ដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា បានខិតខំសិក្សាស្រាវជ្រាវ និងរើថ្ម ពីមួយដំណាក់កាលទៅមួយដំណាក់កាល ដោយការងារជួសជុលនេះចាប់ផ្តើមដំបូងនៅផ្នែកខាងជើង និងរហូតដល់បញ្ចប់បានដោយជោគជ័យ គួរជាទីមោទន។ យ៉ាងណា ដើមឈើធំៗចំនួនពីរដើម នៅផ្នែកខាងត្បូង ត្រូវបានអ្នកជំនាញការអាយស៊ីស៊ី-អង្គរ សម្រេចមិនឱ្យដកចេញ និងនៅគំនរថ្មមួយផ្នែក ដែលអ្នកជំនាញឱ្យរក្សាទុក ដើម្បីឱ្យអ្នកទេសចរបានឃើញពីស្ថានភាពដើម និងក្រោយពេលជួសជុល ទីតាំងមួយនេះ។

លោកបណ្ឌិត Dr Sing Sood បានបង្ហាញអារម្មណ៍រីករាយ និងមានមោទកភាពបំផុត ដែលគម្រោងជួស ជុលនេះ សម្រេចបានជាផ្លែផ្កា និងក្នុងនាមស្ថាប័នឥណ្ឌា ដែលបានចូលរួមជួសជុលប្រាសាទខ្មែរ ដែលមានវប្បធម៌ និងអារ្យធម៌ ស្រដៀងគ្នា។ ហើយលោករីករាយ ក្នុងការចែករំលែកចំណេះដឹងទាំងការអភិរក្ស និងវប្បធម៌ ដល់ពលរដ្ឋខ្មែរផងដែរ។

ក្រៅពីសាលរបាំ នៅប្រាសាទតាព្រហ្ម ស្ថាប័ន ASI  ក៏កំពុងជួយជួសជុលនូវខ្លោងទ្វារខាងកើត ខាងត្បូង និងគោបូរៈមួយចំនួនទៀត ដែលគម្រោងកិច្ចសហប្រតិបត្តិទាំងនេះ គ្រោងនឹងបញ្ចប់នាឆ្នាំ ២០២៥

សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សទី១២នៃគ.ស ដោយព្រះបាទជ័យវរ្ម័នទី៧។ រីឯសាលរបាំ មកដល់បច្ចុប្បន្ននេះអ្នកជំនាញនៅមិនទាន់ប្រាកដនៃឈ្មោះនេះនោះទេ តែទីតាំងនេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ កសាងឡើងឧទ្ទិសថ្វាយដល់មាតារបស់ទ្រង់៕