សកម្មភាពដ៏មមាញឹករបស់ក្រុមការងារសម្អាតអនាម័យបរិស្ថាននៅតាមតំបន់រមណីយដ្ឋានអង្គរ


សៀមរាប៖នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២២នេះ ក្រុមការងារគ្រប់ផ្នែកទាំងអស់ ជាពិសេសផ្នែកអនាម័យបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានបង្កើនសកម្មភាពទេ្វដង ដើម្បីធ្វើការសម្អាតអនាម័យបរិស្ថាន ជាពិសេសការងារប្រមូលសំរាម នៅតំបន់រមណីយដ្ឋានអង្គរ ខណៈពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរទាំងមូល នៅតែរក្សាបានភាពស្រស់ស្អាត គ្មានសំរាមបោះចោលពាសវាលពាសកាល ដែលធ្វើឱ្យបាត់បង់អនាម័យបរិស្ថាន។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយការកុំចោលសំរាមផ្តេសផ្តាសតាមដងផ្លូវ ទីកន្លែងសាធារណៈជនផ្សេងៗ និងទីធ្លាប្រាសាទ។ សូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងធុងសំរាម ដែលអាជ្ញាធរជាតិអប្សរាបានដាក់តាមទីតាំងនីមួយៗ៕