សកម្មភាពភ្នាក់ងារសណ្តាប់នៃអាជ្ញាធរជាតិអប្សរា ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់រមណីយ ដ្ឋានអង្គរ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ


សៀមរាប៖ ឈានចូលមកថ្ងៃទីបី នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្របពេលដែលភ្ញៀវទេសចរដ៏ច្រើន លើសលុប បានសម្រុកចូលមកទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសប្រាសាទអង្គរវត្ត ក្រុមការងារផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រួលកិច្ចការងារទូទៅជូនភ្ញៀវទេសចរទោះស្ថិតក្រោមកម្តៅថ្ងៃឬភ្លៀងរលឹមដោយមិនក្លាចនឿយហត់។

លោកព្រឿង សុខា ប្រធានភ្នាក់ងារសណ្តាប់ធ្នាប់នៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា កិច្ចការងារប្រចាំថ្ងៃរបស់ក្រុមការងារលោក គឺការងាររៀបចំសណ្តាប់ធ្នាប់ សាធារណៈ ដូចជាសម្រួលចរាចរណ៍ ការលក់ដូរ និងការចតយានយន្តរបស់ភ្ញៀវទេសចរនៅក្នុងរមណីយ ដ្ឋានអង្គរ។

លោកបន្តថា ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ បើទោះបីចំនួនភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនកុះករ តែការងារសណ្តាប់ធ្នាប់សាធារណៈបានរៀបចំទៅដោយជោគ ឪជ័យ ព្រោះក្រុមការងារផ្នែកសណ្តាប់ធ្នាប់ បានបង្កើនកិច្ចការងារមួយចំនួនដូចជា ទី១រៀបចំសណ្តាប់ធ្នាប់ ទប់ស្កាត់ការលក់ដូរចល័តដោយបានរកកន្លែងសម រម្យណាមួយមិនធ្វើឱ្យប៉ះសណ្តាប់ធ្នាប់សាធារណៈ និងការធ្វើដំណើររបស់ភ្ញៀវទេសចរ ទី២ ធ្វើការណែនាំភ្ញៀវ មិនឱ្យទទួលទានអាហារ នៅកន្លែងហាមឃាត់មួយចំនួន ដោយផ្តល់កន្លែងសមរម្យជូនភ្ញៀវ និងទី៣ ការងាររៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងការជួយសម្រួលចរាចរផ្សេងៗនៅទីតាំងដែលមានការកកស្ទះជាដើម។

ដើម្បីឱ្យសណ្តាប់ធ្នាប់សាធារណៈ នៅតំបន់រមណីយ ដ្ឋានអង្គរ មានរបៀបរៀបរយ មិនកកស្ទះ និងមានសោភ័ណភាព ចាំបាច់ណាស់គឺការចូលរួមពីសំណាក់ភ្ញៀវទេសចរគ្រប់រូប មិនអាចខកខានបានឡើយ។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវ ដល់ភ្ញៀវទេសចរ ដែលមកទស្សនានៅក្នុងរមណីយដ្ឋានអង្គរ សូមចូលរួមគោរពច្បាប់ចរាចរណ៍ សូមមេត្តារកកន្លែងទទួលអារហារឱ្យបានរួចរាល់មុន និងចូលមកលេងបរិវេណប្រាសាទ និងត្រូវអនុវត្តន៍តាមការណែនាំផ្សេងៗ របស់ក្រុមការងារអាជ្ញាធរជាតិអប្សរា៕