ឯកឧត្ដម ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាងស្ថាប័ន Gourmand World Cookbook Awards


សៀមរាប៖ ដោយមានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះ រាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្ត សៀមរាប ឯកឧត្ដម  ស៊ុ ម៉ាប់ រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហង់ ពៅ អគ្គ នាយក អាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាង Gourmand World Cook book Awards និងជាប្រធានក្រុមហ៊ុន LES VINS DE SAUMUR អមដំណើរដោយឯកឧត្តម ប្រាក់ ដាវិដ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធភាពរៀបចំកម្មវិធី Angkor Food Summit នៅចុងឆ្នាំ២០២២ខាង មុខនេះ ក្នុងទឹកដីខេត្តសៀមរាប។

ជាលទ្ធផលនៃជំនួបពិភាក្សានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរាបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់លោក Guillaume Roussy ក្នុងការរៀបចំកម្មវិធី Angkor Food Summit នេះ ហើយជួយជំរុញឱ្យការរៀបចំកម្មវិធីនេះទទួលបានជោគជ័យ។

គួររំលឹកផងដែរ កាលពីឆ្នាំ២០២១កន្លងទៅ សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ដែលបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Gourmand World Cook book Awards ដែលបានរៀបចំឡើងនៅប្រទេសបារាំង ហើយទទួលពានរង្វាន់សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេនៅតំបន់អាស៊ី៕