អាជ្ញាធរជាតិអប្សរាកំពុងជួសជុលកុដិ ឈើពីរខ្នងនៅ ក្នុងវត្តព្រះព្រហ្មរ័ត្ន


សៀមរាប៖ វត្តព្រះព្រហ្មរ័ត្នជាអារាមមួយដ៏ចំណាស់ ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ផ្នែកខាងលិច ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀម រាប ខេត្តសៀមរាប។

នៅក្នុងអារាមមួយនេះ មានសំណង់កុដិឈើពីរខ្នង​សង់ខ្ពស់ផុតពីដី​ ដំបូល​ប្រក់ក្បឿង​ ដែលមានទម្រង់ស្ថាបត្យកម្មពីរផ្សេងគ្នា មួយជាទម្រង់កុដិដំបូលខ្មែរ និងមួយទៀតជាទម្រង់កុដិប៉ិត។ ស្ថាបត្យកម្មទាំងពីរនេះត្រូវបានសាងសង់ក្នុងដំណាក់កាលពីរផ្សេងគ្នា កុដិដែលមានដំបូលខ្មែរ ឬកឹងត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្សឆ្នាំ១៩៤០ ហើយកុដិដែលមានដំបូលប៉ិតត្រូវបានសាងសង់ក្នុងអំឡុងទស្សវត្ស១៩៥០​(នេះបេីតាមបន្ទូលរបស់​ព្រះមហា​វិមលធម្ម​ ពិន​សែម​ សិរីសុវណ្ណោ​ ព្រះគ្រូចៅអធិការវត្តរាជបូណ៍)​។

ស្ថាបត្យកម្មនៃសំណង់ឈើនេះ មានគុណតម្លៃដ៏ពិសិដ្ឋ និងយ៉ាងល្អឯក ទាំងរូបរាង បច្ចេកទេស និងភាពប្រណិតនៃសិល្បៈ ដែលស្តែងឡើងតាមរយៈស្ថាបត្យកម្មមួយនេះ។

សំណង់ទាំងពីរនេះ សព្វថ្ងៃមានសភាពចាស់ទ្រុឌ ទ្រោមយ៉ាងខ្លាំង ដោយហេតុអាយុកាលផង គុណភាពនៃសំណង់មួយផ្នែកផង និងមានការបំផ្លាញដោយសត្វល្អិតផង។

ទោះបីជាសំណង់ឈើនេះមានសភាពទ្រុឌទ្រោមយ៉ាង ណា ដោយស្មារតីចង់រក្សាឱ្យបាននូវគុណតម្លៃនៃស្ថាប ត្យកម្មមួយនេះ អ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា នឹងខិតខំប្រឹងប្រែងក្នុងការសង្រ្គោះសំណង់ឈើនេះ ដោយប្រេីបច្ចេកទេស​ និង​សម្ភារដូចដេីមទាំងស្រុង​ ធ្វើ​យ៉ាងណា​ឱ្យ​សំណង់​នេះ​​ស្ថិតស្ថេរតទៅមុខទៀត ព្រោះថា ការបាត់បង់នូវសំណង់ឈើមួយនេះ មិនត្រឹមតែបាត់បង់នូវរូបរាងនៃសំណង់នោះទេ គឺថាបច្ចេកទេសនៃការសាងសង់សំណង់ឈើ ដូចជាការភ្ជាប់គ្រឿងបង្គុំ រវាងឈើនិងឈើ​  ភាពប៉ិនប្រសប់ក្នុងវិស័យសិល្បៈ ជំនឿ ទំនៀមទំលាប់មួយចំនួនទៀត ដែលទាំងនេះត្រូវបានស្តែងឡើងតាមរយៈសំណង់ឈើនេះ នឹងត្រូវបាត់បង់ទៅជាមួយជាក់ជាពុំខាន។

អាជ្ញាធរជាតិអប្សរាជឿជាក់យ៉ាងមុតមាំថា សំណង់ឈើមួយនេះក្រោយពីការជួសជុលរួចរាល់ នឹងបានបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត នឹងរក្សាបាននូវគុណតម្លៃដូចបានជម្រាបជូនខាងលើ ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ក៏ដូចជាការសិក្សារៀនសូត្រដល់អ្នកដែលមានបំណងស្វែងយល់នៃសំណង់ឈើជាក់ជាពុំខាន។ ម្យ៉ាងទៀតក៏ជាចំណែកមួយដ៏សំខាន់ក្នុងការ​ រក្សានូវមរតកពីបុរាណ​ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់​បន្ថែម​ ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕