ការជួសជុលតួប្រាង្គបាកាណនៃប្រា សាទអង្គរវត្តដែលប្រើដោយកម្លាំងមនុស្សសុទ្ធសាធអាចចាត់ទុកជាជោគជ័យមួយដោយ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា


សៀមរាប៖ តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត គឺជាទីតាំងមួយនៅខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោង ទងថ្មពីរជាន់ ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុលនៅការដ្ឋាននោះបានឡើយ។ ឯកឧត្ដម គឹម សុធិន អគ្គនាយរងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការជួសជុលតួប្រាង្គកណ្តាលរួតទីបីនៃប្រាសាទអង្គរវត្តបានប្រើរយៈពេលជាង១០ខែនោះ គឺប្រើកម្លាំងមនុស្សសុទ្ធសាធជាមួយនិងការតស៊ូនិងភាពអត់ធ្មត់និងយកចិត្តទុកដាក់បំផុត។

ក្រុមអ្នកជួសជុលត្រូវប្រើកម្លាំងលើកដុំថ្មថ្មីដែលត្រូវយកឡើងទៅបំពេញបន្ថែមនៅតាមកន្លែងចាំបាច់ដើម្បីពង្រឹងរចនាសម្ពន្ធ និងទ្រដុំថ្មចាស់ដែលបានរកឃើញទីតាំង។ ពេលចាប់ផ្ដើមទាញយោងឡើងដោយ ដៃថ្មថ្មីមួយដុំបានប្រើពេលរហូតដល់បីថ្ងៃ ទើបទាញយកបាន។ ចំណែកឯការដឹកជញ្ជូនថ្មចល័តពីកន្លែងមួយទៅកន្លែងមួយវិញទៀតសោត គឺប្រើរទេះរណេលឈើ ឬដែកទីប រុញឬទាញដោយមនុស្សយ៉ាងតិចចំនួន១២នាក់ ជួយអូសផងទាញផង និងរុញផងទើបអាចនាំថ្មចល័តទៅមកបាន។ កិច្ចការរុះរើរៀប ថ្មខឿនរួតបាកាណនេះ គឺទាមទារឱ្យក្រុមអ្នកជំនាញ និងជាងរិះរកគ្រប់វិធីសាស្ត្រ បច្ចេកទេសដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ប្រកប ឱ្យរឹងមាំឡើងវិញ ហើយមិនប៉ះពាល់ដល់សំណង់ចាស់ដែលទ្រុឌទ្រោមខូចខាត ដោយសារអាយុកាលនៃវត្ថុធាតុដើមទៀតផង។

ឯកឧត្ដមមានប្រសាសន៍បន្ថែមទៀតថា នេះជាលើក ទីមួយហើយដែលការជួសជុលខឿនកណ្ដាលរួតបាកាណនៃប្រាសាទអង្គរវត្តបានប្រើកម្លាំងមនុស្ស ទទួលបានជោគជ័យដែលមិននឹកស្មានដល់ ពីព្រោះគេមិននឹកស្មានថាក្រុមការងារអាចធ្វើបាន នៅក្នុងពេលដ៏លំបាកបំផុតទាំងការងារនិងទាំងពេលដែលមានវិបត្តិដោយជំងឺកូវីដ១៩៕