ចាប់ខ្លួនប៉េអឹមសៀមរាប២នាក់ តាមបញ្ជាលោកនាយឧត្តមសេនីយ៍សៅ សុខា ពាក់ព័ន្ធនឹងការជួញដូរគ្រឿង ញៀន


សៀមរាប៖ នាយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ រួមទាំងបក្ខពួកម្នាក់ទៀតត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការ តាមបញ្ជាលោកនាយឧត្តមសេនីយ៍សៅ សុខា បន្ទាប់ ពីរកឃើញថា មន្ត្រីទាំងពីរនាក់មានជាប់ពាក់ព័ន្ធនឹងផ្សំគំនិតក្នុងអំពើជួញដូរគ្រឿងញៀន។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជនដែលឃាត់ខ្លួនទី១ មានឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន ទី២.នាយចំណង់ឈ្មោះ នាម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿង ញៀន។ 
    ជនទាំងពីរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ ទី៣០ ខែមេសា ឆ្នាំ២០២២នេះ។
    ជុំវិញការបញ្ជូនខ្លួនជនខាងលើទៅកាន់តុលាការ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោកយិន ស្រាង បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២២នេះថា ពេលនេះតុលាការកំពុងសួរនាំនាយអាវុធហត្ថទាំងពីររូបនេះនៅឡើយ។
    នៅព្រលប់ថ្ងៃដដែលនេះ ព័ត៍មានខ្សិបខ្សៀវបានទម្លាយថា មានគេកំពុងរត់ការ បំណងចង់អោយមានការដោះលែងជនទាំងពីរខាងលើ តែលទ្ធផលនៅមិនទាន់ជាក់លាក់នៅឡើយ៕