បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ន្តនៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច(ខ្លោងទ្វារតាកាវ)


សៀមរាប៖កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន្តព្រមទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ពន្ធផ្នែកខាង ក្រោមនៃស្ពានហាលជាយូរឆ្នាំមកហើយ។ លោកស្រី គឹម សេងភក្តី បុរាណវិទូបានឱ្យដឹងថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។

លោកស្រីបញ្ជាក់ថា រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរានៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារតាកាវ។

ជាជំហានដំបូង លោកស្រីសន្និដ្ឋានថា ទី១ បំណែកថ្មដែលមានរូបចម្លាក់ទាំងនេះប្រហែលជាត្រូវបានសាង សង់ដំណាលគ្នានឹងខ្លោងទ្វារ និងប្រាសាទបាយ័ន្ត ដោយយកថ្មពីប្រាសាទបាយ័ន្តយកមកបំពេញចំណុចខ្វះខាតនៅស្ពានហាលនេះ ព្រោះរូបចម្លាក់អប្សរាស្ថិតក្នុងរចនាប័ទ្មបាយ័ន (ចុងស.វ.ទី១២ និងដើមស.វ.ទី ១៣)។ ទី២ ស្ពានហាលនេះ អាចមានការសាងសង់បន្ថែមនៅដំណាក់កាលណាមួយដោយបានរុះរើយកថ្មពីប្រាសាទបាយ័ន្តមកប្រើប្រាស់?។

ជាជំហានបន្ទាប់ ក្រុមអ្នកបុរាណវិទ្យានឹងធ្វើកំណាយស្វែងរកថ្មរូបចម្លាក់ទេវតាជាច្រើនដែលបានធ្លាក់ចូលទៅក្នុងកសិន្ធុផ្នែកខាងជើងនៃស្អានហាល ដើម្បីយកថ្មចម្លាក់ដែលកប់បាត់នៅក្នុងដីទាំងអស់នោះមកជួស ជុលនិងរៀបដាក់ទៅតាមទីកន្លែងដើមវិញ។ យោងតាមការរកឃើញដុំថ្មមានចម្លាក់អប្សរាដូចនៅប្រា សាទបាយ័ន្ត នៅតាមជញ្ជាំងដែលជាគ្រឹះរូបទេវតាបាននាំឱ្យមានចម្ងល់១ ថាតើចម្លាក់ទេវតានិងយក្សទាញ ព្រ័ត្រនេះសង់នៅពេលណា? សូមអ្នកសិក្សាស្រាវជ្រាវជួយពិចារណា៕