អាជ្ញាធរជាតិអប្សរាគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការសួនរុក្ខជាតិអង្គរជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ


សៀមរាប៖ សួនរុក្ខជាតិអង្គរស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត នៃរមណី យដ្ឋានអង្គរ។ សួននេះ ត្រូវបានរៀបចំកែលម្អដោយ មានរុក្ខជាតិ និងផ្កាចម្រុះជាង៥០០ប្រភេទ និងរាប់ម៉ឺនដើម។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលបន្ទុករៀបចំសួននេះមាន ប្រសាសន៍ថា សួនរុក្ខជាតិអង្គរ មានឈ្មោះដើមជាសួនគ្រឿងទេស បង្កើតឡើងពីឆ្នាំ ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ២ហិកតាប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ចាប់ពីឆ្នាំ ២០១៨ មក សួននេះត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង ១៥ហិកតា ក្រោមការឧបត្ថម្ភ និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ជាប្រយោជន៍ប្រជាជន និងទេសចរជាតិ-អន្តរជាតិ។

តាមការបញ្ជាក់ពីឯកឧត្តម យិត ចាន់ដារដ្ឋ សួនរុក្ខជាតិអង្គរនេះត្រូវបានរៀបចំជា៥សួនធំៗប្លែកពីគ្នា។ ទី១ សួនគ្រឿងទេស និងសួនឱសថ ដែលប្រមូលផ្តុំរុក្ខជាតិឱសថចម្រុះជាច្រើន ដែលដូនតាខ្មែរ ឬប្រជា ពលរដ្ឋមានជំនឿយកទៅព្យាបាលរោគផ្សេងៗ រួមនិងដំណាំយកធ្វើជាគ្រឿងទេសដាំស្ល។ ទី២ សួនផ្កាស្មៅ និងផ្កាចម្រុះ ប្រមូលផ្តុំនូវផ្កាចម្រុះតាមរដូវកាល និងផ្កាស្មៅ។ ទី៣ សួនអំបូរត្នោត រួមមាន ដើមប្រង់ ស្លា លម្ម៉ើ  ដូងប្រេង។ល។ ទី៤ សួនខ្មែរ ប្រមូលផ្តុំរុក្ខជាតិហូបផ្លែច្រើនមុខ ហើយក្នុងនោះក៏មានការរៀបចំជាស្រែខ្នាតតូច និងការរចនាបែបខ្មែរផងដែរ។ និងទី៥ សួនព្រៃឈើ និងសត្វព្រៃអង្គរ ដែលជាផ្នែកមួយធំនៃព្រៃឈើអង្គរ ប្រមូលផ្តុំដោយដើមឈើប្រណិត សត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួន ដើម្បីទាក់ទាញទេសចរ។

ក្រៅពីរុក្ខជាតិខាងលើនេះ សួននេះក៏រៀបចំជាកូនភ្នំតូចៗ ទឹកធ្លាក់ ការបាញ់ទឹក និងការរចនាផ្សេងៗ ដើម្បីទាក់ទាញផងដែរ។ តាមការលើកឡើងរបស់មន្រ្តីអាជ្ញាធរជាតិអប្សរា សួននេះគ្រោងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ ហើយក្រោយថ្ងៃសម្ពោធ នឹងបើកឱ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃរយៈពេល១ខែ។ ទោះបីមានការបង់ថ្លៃចូលទស្សនា តែឯកឧត្តម យិត ចាន់ដារដ្ឋ បញ្ជាក់ថា ក្នុងតម្លៃថោកសមរម្យបំផុត ដើម្បីងាយស្រួលគ្រប់គ្រងលំហូរទេសចរ ដែលទេសចរមានលទ្ធភាពចូលទស្សនា និងមានមោទកភាពក្នុងការរួមចំណែកថែរក្សាទីនេះទៅអនាគត។

សួនរុក្ខជាតិអង្គរ ឬភាសាបរទេសហៅថា Angkor Botanical Garden បង្កើតឡើងក្នុងទិសដៅបម្រើប្រយោជន៍សាធារណជន និងជាផ្នែកមួយនៃសេវាកម្មទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រៅពីប្រាសាទ ទេសចរអាចមកសម្រាក លំហែ ដើរកម្សាន្ត ហាត់ប្រាណ និងសម្រាកលម្ហែក្នុងសួនច្បារដ៏ធំ និងត្រជាក់នេះបាន ដែលអាចទស្សនាបានទាំងរុក្ខជាតិ ផ្កាចម្រុះ និងសត្វព្រៃជាច្រើន។ ក្នុងទិសដៅទៅអនាគត សួននេះគ្រោងនឹងពង្រីករហូតដល់ខាងត្បូងច្រាំងកសិន្ធុអង្គរវត្ត ដែលអាចមានទំហំផ្ទៃដីជាង ១៣០ហិកតា។

សក្នុងនាមអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ បានបង្ហាញនូវមោទកភាពជាខ្លាំងចំពោះវត្តមានសួនច្បារដ៏ធំមួយនេះ ដែលវានឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយបន្ថែមទៀតក្នុងរមណីយដ្ឋានអង្គរ។ ឯកឧត្តមអគ្គនាយករង ក៏មានសេចក្ដីរីករាយជាខ្លាំងចំពោះសមិទ្ធផលនានាដែលកកើតឡើងរយៈពេលជាង២ឆ្នាំមកនេះ អំឡុងពេលសកលលោកជួបវិបត្តិជំងឺកូវីដ១៩ តែការអភិវឌ្ឍនានាក្នុងរមណីយដ្ឋានអង្គរ នៅតែបន្តដើរទៅមុខជានិច្ច ដូចជាការរៀបចំទេសភាពបរិស្ថាននៅមុខប្រាសាទអង្គរវត្ត តាមប្រាសាទមួយចំនួនទៀត មាននៅព្រះលានជល់ដំរី និងគម្រោងអភិរក្ស និងជួសជុលមួយចំនួនទៀត។ល៕