ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២២


សៀមរាប៖នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារ  តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀត នៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួម ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២២ ដែលរៀបចំ ឡើងដោយរដ្ឋបាលខេត្តសៀមរាប នាបរិវេណវត្តទេពពោធិ៍វង្ស ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីនោះរួមមាន ព្រះ មហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជា ណាចក្រកម្ពុជា និងជាសមាជិកថេរសភា ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះមេគុណខេត្ត ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ យូ សុភា អភិបាលរងខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ៧០០នាក់។

ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា តែងតែចូលរួមមិនដែលខកខានឡើយ ជាមួយអាជ្ញាធរខេត្តក្នុងទិវាជាតិនៃការចងចាំ ដើម្បីរក្សាប្រពៃណីនៃការចងចាំនូវមហាឧក្រិដ្ឋកម្ម និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយនយោបាយប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត។
ទិវានេះត្រូវបានចាប់ផ្តើមឡើង ចាប់ពីម៉ោង០៦:០០ នាទី ដល់ម៉ោង១០:០០ព្រឹក ដោយមានពិធីរាប់បាត្រចំពោះព្រះសង្ឃចំនួន៧៣អង្គ៕