អាជ្ញាធរជាតិអប្សរា បានបើកសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការសួនរុក្ខ ជាតិអង្គរ


សៀមរាប៖ សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយ ដ្ឋានកែច្នៃមួយ របស់អាជ្ញាធរជាតិអប្សរា មានទំហំផ្ទៃដីប្រមាណជាង១៥ហិកតា ស្ថិតក្នុងក្រុងសៀមរាប ដែលអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកំសាន្តដទៃទៀត នៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៩ខែឧសភាឆ្នាំ២០២២នេះ។

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើ ឡើងក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា  តំណាងមន្ទីរអង្គភាពជុំវិញខេត្ត  ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកអាជ្ញាធរជាតិអប្សរាផងដែរ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងដោយមោទនភាពនៅក្នុងឱកាសបើកសម្ពោធ ជាផ្លូវការសួនរុក្ខជាតិអង្គរនោះថា បន្ទាប់ពីបើកសម្ពោធជាផ្លូវការនេះអាជ្ញាធរជាតិអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាចាប់ពីពេលនេះតទៅ។

ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់  បានគាំទ្រ ចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។ ឯកឧត្តមបន្តថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេសគឺរុក្ខ ជាតិ ដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។

សូមជម្រាបថា សួនរុក្ខជាតិអង្គរ នឹងក្លាយជាសមិទ្ធ ផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម នៃពូជជាង៥០០ ប្រភេទ ដូចជាដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេស លើសសួនកំសាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿង ទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូច ជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម៕