អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ


សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ជូនទៅដល់ផ្នែកជំនាញទាំងអស់ នៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អគ្គនាយករង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមការងារគ្រប់ជំនាញទាំងអស់ ត្រូវបង្កើនកិច្ចសហការណ៍ ចែករំលែកព័ត៌មាន និងបទពិសោធន៍ដល់គ្នាទៅវិញទៅមក ដើម្បីឱ្យដំណើរការ នៃការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយៗ កាន់តែល្អប្រសើ និងស្របតាមអនុសាសន៍ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការតាមដាន ត្រួតពិនិត្យ ទៅលើប្រសិទ្ធភាពការងារនៅតាមការដ្ឋាននីមួយៗ។ ក្នុងនោះជារៀងរាល់ខែ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា តែងតែដឹកនាំការប្រជុំ ចុះត្រួតពិនិត្យ ជាក់ស្តែង លើការអនុវត្តតាមទីតាំងការដ្ឋាននីមួយៗមិនដែលខកខានឡើយ៕