ចែកបណ្ណ័កម្មសិទ្ធិកាន់កាប់ដីធ្លី១៥៧ក្បាលដីដល់ពលរដ្ឋ១២៨ គ្រួសារ នៅក្នុងស្រុកបន្ទាយស្រី


សៀមរាប៖ថ្នាក់ដឹកនាំ និងមន្ទីរជំនាញ ខេត្តសៀមរាប  បានចែកជូនប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីចំនួន១៥៧ ក្បាលដីដល់ពលរដ្ឋចំនួន១២៨គ្រួសារក្នុងមូលដ្ឋានស្រុកបន្ទាយស្រី។
    ការចែកជូននូវប័ណ្ណកម្មសិទ្ធិកាន់កាប់ដីនេះ បានធ្វើ ឡើងនាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ នៅសា លាឃុំ ឃុនរាម ស្រុកបន្ទាយស្រី ក្រោមវត្តមានអភិ បាលស្រុកបន្ទាយស្រី និងប្រធានមន្ទីរសូរិយោដី នគររូបណីកម្មនិងសំណង់ខេត្ត។
     ក្រោមក្រសែភ្នែកពលរដ្ឋជាង១០០នាក់លោក ហ៊ី សាយ ប្រធានសូរិយោដីនគររូបណីកម្មនិងសំណង់ខេត្តបានលើកឡើងថា ប័ណ្ណកម្មសិទ្ធិចំនួន១៥៧ដែលបានចែកជូនពលរដ្ឋ១២៨គ្រួសារដែលស្ថិតក្នុងភូមិខ្នាររង្វាស​ឃុំឃុនរាម ស្រុកបន្ទាយស្រី ក្នុងពេលនេះ គឺបានមកពីការជ្រោមជ្រែងរបស់ថ្នាក់ដឹកនាំខេត្ត។លោក បន្តថាក្រោយពេលថ្នាក់ដឹកនាំខេត្ត ស្នើសុំទៅរាជរដ្ឋាភិ បាលធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ មន្ទីរជំនាញរបស់លោកក៍បានខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីចេញជាប័ណ្ណ័កម្មសិទ្ធិចែកជូនពួកគាត់អោយបានក្នុងខែឧសភាឆ្នាំ២០២២នេះ។ អីចឹងទេពួកគាត់ (ប្រជាពលរដ្ឋ)មានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់លំនៅដ្ឋាន ក៍ដូចជាការដាំដុះដំណាំផ្សេងៗ។
     លោកប្រធានមន្ទីរ បញ្ជាក់ថា ចំពោះពលរដ្ឋដែលមានបញ្ហាផ្សេងៗដូចជា បាត់កន្ទុយបង្កាន់ដៃទទួលសិទ្ធិ ឬ ទំហ៊ំដីលើសចំនួនកំណត់ដែលត្រូវចេញប័ណ្ណជូន ខាងមន្ទីរនឹងខំព្យាយាមរកមធ្យោបាយដើម្បីដោះ ស្រាយជូនពួកគាត់អោយបានចប់សព្វគ្រប់នៅពេលបន្ទាប់។
     ជាមួយនឹងការលើកឡើងរបស់ប្រធានមន្ទីរជំនាញលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៍បានថ្លែងប្រាប់ពលរដ្ឋក្នុងមូលដ្ឋានរបស់លោកថា ពីពេល នេះទៅមុខ បងប្អូនពលរដ្ឋដែលទទួលបានប័ណ្ណកម្ម សិទ្ធិអស់ក្តីកង្វល់ពីការវិវាទដីធ្លីទៀតហើយ។ បង ប្អូនមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែប្រែជីវភាពគ្រួសាររបស់ខ្លួនដែលអាចធ្វើទៅបាន។
   
     ចំណែកមេឃុំឃុនរាម លោក កាយ កុច រួមទាំងពលរដ្ឋជាង១០០គ្រួសារទៀត បានបង្ហាញនូវក្តីរំភើប និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត.ស្រុក.រួមទាំងមន្ទីរជំនាញផង ដែលបានជ្រោមជ្រែងការងារនេះរហូតចប់សព្វគ្រប់៕