អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»


សៀមរាប៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិ​អប្សរា ​​រៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយ ទេវតា និងធម្មនន្ទ» ជូនដល់ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា សរុបចំនួន២៥៥ នាក់ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែ ឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង កុ​សល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។

វគ្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់៣ ទី១.ចែករំលែកពីយុទ្ធសាស្ត្រការងារក្នុងការរៀបចំខ្សែទស្សនាតាមប្រាសាទក្នុងតំបន់រមណី យដ្ឋានអង្គរ ទី២.បង្ហាញពីការរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចៅសាយទេវតា ប្រាសាទ ធម្មនន្ទ និងប្រាសាទសាទនាគព័ន្ធ ដែលជាកាតព្វកិច្ចរបស់ភ្នាក់ងារទេសចរណ៍ដែលបំពេញ ការងារនៅតាមប្រាសាទ ក្នុងការចូលរួមធ្វើឱ្យការដាក់អនុវត្តខ្សែទស្សនាប្រកបដោយសុវត្ថិភាពខ្ពស់ និងទី៣.បង្ហាញពីតួនាទីចាំបាច់របស់ភ្នាក់ងារទេស ចរណ៍នៅតាមប្រាសាទ ក្នុងការចូលរួមដាក់អនុវត្តដំណើរការខ្សែទស្សនាថ្មីនៅតាមប្រាសាទទាំងបីខាង លើ ដោយមានប្រសិទ្ធភាពខ្ពស់ ហើយចង់ឱ្យក្រុម ការងារនៅតាមប្រាសាទបានស្វែងយល់ពីគុណតម្លៃប្រាសាទ ចំណុចទាក់ទាញរបស់ប្រាសាទ ហើយអាចជួយលើកតម្លៃប្រាសាទឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិយល់ដឹងកាន់តែច្បាស់ជាងមុន។

ឯកឧត្ដម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍​ក្នុងឱកាសនោះ​​ថា សិក្ខាសាលានេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រង និងផ្តល់សេវាកម្មទេសចរណ៍ ព្រោះការគ្រប់គ្រងនៅទីកន្លែងមួយ គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូច ជា ចំណេះដឹង ចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តផ្ទាល់។ ដូច្នេះហើយ គោលបំណងថ្ងៃនេះ ដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឱ្យចំណេះជំនាញទាំងអស់នោះត្រូវបានបន្ត ត្រូវបានចែករំលែកជាគុណតម្លៃសម្រាប់ខ្លួនយើងដែលជាអ្នកអនុវត្ត យើងមានសេចក្ដីរីករាយ មានមោទកភាពចំពោះខ្លួនយើង ក្រុមគ្រួសារ និងស្ថាប័ន។

ឯកឧត្ដម សង្ឃឹមថា ក្រោយពីបានបញ្ចប់វគ្គសិក្ខា សាលានេះរយៈពេល៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីធ្វើឱ្យប្រសើរឡើង ដែលការនេះអាជ្ញាធរជាតិអប្សរាតែងតែយកចិត្ត​ទុកដាក់​ចំពោះ​ការបណ្តុះ បណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិកដើម្បីអភិវឌ្ឍន៍​សមត្ថ​ភាព និង​ចំណេះដឹង៕