អាជ្ញាធរខេត្តសៀមរាប នឹងកាត់ឆ្វៀលដីក្នុងតំបន់ ៣ ជាប់បឹងទន្លេ សាប ជូនពលរដ្ឋ៦ស្រុក.ក្រុង

ដោយ:កវី/សៀមរាប៖ លោកទៀ សីហា អភិបាលខេត្តសៀមរាប កាលព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២ បានដឹកនាំប្រជុំដើមី្បធ្វើការកាត់ឆ្វៀលដីតំបន់៣ ជាប់ មាត់បឹងទន្លេសាប ជូនពលរដ្ឋ៥ស្រុកនិង១ក្រុង។
  ការសម្រេចកាត់ឆ្វៀលដីក្នុងតំបន់៣នេះ គឺ បន្ទាប់ពីអនុវត្តបទបញ្ជាដ៍មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង អនុសាសន៍របស់សម្តេច ដើមី្បសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់អាស្រ័យផលបន្ត ដែលពួកគាត់រស់នៅអាស្រ័យផលមុនឆ្នាំ២០១២
    ក្នុងកិច្ចប្រជុំនេះ ដែលមានការចូលរួមពី អាជ្ញាធរភូមិឃុំផងនោះ ប្រធានមន្ទីររៀបចំដែនដីនគរូបនី យកម្ម សំណង់ និង សុរិយោដីខេត្ត បានបង្ហាញ នូវ គំនូសប្លង់ដីនៅតំបន់៣ជាប់បឹងទន្លេសាប ដើមី្បសុំគោល ការណ៍កាត់ឆ្វៀលជូនប្រជាពលរដ្ឋ ទៅតាមភាពជាក់ ស្តែង ដែលពួកគាត់រស់នៅជាអចិន្ត្រៃយ៍ និងប្រើប្រាស់អាស្រ័យផលក្នុងមូលដ្ឋាន  ក្នុងក្រុង ស្រុក៦ ជាប់បឹង ទន្លេសាប រួមមាន ស្រុកជីក្រែង.សូទ្រនិគម. ប្រាសាទ បាគង .ក្រុងសៀមរាប. ស្រុកពួក និងស្រុកក្រឡាញ់ ដែលមានផ្ទៃដីប៉ះពាល់ចំនួន សរុប  ៣២៤១ហិកតា និង កាត់ឆ្វៀលកន្លងមកមានទំហំ៨៦៨៦ ហិកតា ។ 

ក្នុងនោះដែរក៏បានធ្វើការបង្ហាញនូវទីតាំង ដែលប្រជាពលរដ្ឋ រស់នៅជាអចិន្ត្រែយ៍ និង អាស្រ័យផលស្ថិតនៅក្នុងដីតំបន់៣ មានឃុំ ពោធិទ្រាយ ស្រុកពួក , សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប , ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម នៃខេត្តសៀមរាបរាប ។
     ក្នុងកិច្ចប្រជុំនោះដែរ លោកមេឃុំ និង ចៅសង្កាត់ ក៏បាន សំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាល សូមធ្វើការកាត់ឆ្វៀលជូនពួកគាត់ ឲ្យមានសិទ្ធិបានកាន់កាប់ស្រប ច្បាប់ ។
     លោក ទៀ សីហា ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ និង អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ដែលបានខិតខំប្រឹងប្រែងប្រមូលទិន្នន័យក្រុមគ្រួសារ ផ្ទៃដី ដើមី្បការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ រស់នៅជាយូលុងមកហើយ ។ លោកអភិបាល ក៏បានបញ្ជាក់អំពីនិតិវិធីក្នុងការកាត់ឆ្វៀលដី ដែលជាបញ្ហាស្មុកស្មាញមួយ ដែលបងប្អូនមួយចំនួនមានទីលំនៅ លើផៃ (ផ្ទះលើកទឹក) តែពួកគាត់ត្រូវការដីបង្កបង្កើនផល និង មួយចំនួនត្រូវការដីសង់លំនៅដ្ឋាននិងបង្កបង្កើនផល ។ ក្នុងករណីទាំងនេះគឺ ត្រូវទាមទាការត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ក្នុងការដោះ ស្រាយជូនបងប្អូន ។
    លោកបានបញ្ជាក់ថា ក្នុងករណីដោះស្រាយនេះ គឺមិនបានទៅតាមសំណូម១០០%នោះ ឡើយ  ដោយតំបន់មួយចំនួនដែលត្រូវចាំបាច់ត្រូវប្រគល់ជូនពួក គាត់ ហើយកន្លែងខ្លះទៀតដែលបានកាប់ទន្ទ្រានក៏យើងមិនអាចប្រគល់ជូនបានឡើយ ។  លោកបញ្ជាក់ថា នៅពេលខាងមុខក្រុមការងារ និង ធ្វើកិច្ចប្រជុំដើមី្បកំណត់តំបន់២ និង តំបន់១ ដែលនឹងសម្រេចនៅពេលឆាប់ៗនេះ ដោយតំបន់២និងក្លាយជាតំបន់១ ឬក៏រក្សាទុកជាតំបន់២ អាស្រ័យផល ដដែល និងឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិទៀតផង ។
    លោកអភិបាលខេត្ត សូមឲ្យក្រុមការងារនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថែរក្សាដីដែលបានដកហូតហើយនោះឲ្យនៅដដែល កុំឲ្យមានប្រការផ្សេងៗមកជ្រៀតជ្រែក នាំឲ្យបាត់គុណសម្បត្តិដែលយើងបានខិតខំប្រឹងប្រែងធ្វើដោយលំបាកកន្លងមកនេះ ៕