អាជ្ញាធរជាតិអប្សរារៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ


សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេ្ទសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ជូនមគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន៦៥នាក់ ក្នុងរយៈ ពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

ឯកឧត្ដមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា វគ្គវិក្រិតការនេះក្នុងគោល បំណងចម្បងចំនួន២។ ទី១ ចែករំលែកចំណេះដឹង និងណែនាំផលិតផលទេចរណ៍ថ្មីនៅតំបន់សៀមរាប-អង្គរទៅដល់អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ព្រោះថា អ្នកមគ្គុទ្ទេសក៍ទេសចរណ៍អាចត្រូវចាត់ទុកជាទូតដែលមានឥទ្ធិពលខ្លាំងបំផុត ដើម្បីផ្សព្វផ្សាយពីរបកគំហើញថ្មីៗនៃការស្រាវជ្រាវ និងសមិទ្ធផលការងារថ្មីៗ វប្បធម៌ខ្មែរក្នុងការបញ្ជាក់ពីតម្លៃពិតរបស់តំបន់រមណីយដ្ឋានអង្គរ។ ទី២ ចង់ឱ្យអ្នកមគ្គុទ្ទេសក៍ទេសចរណ៍សហការជាមួយភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាតាមរយៈការគ្រប់គ្រងភ្ញៀវទេសចរតាមបែបគន្លងថ្មី នៅតំបន់អង្គរក្រោយសម័យកូវីដ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រសាសន៍ថា វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ពិតជាមានសារសំខាន់ណាស់សម្រាប់ផ្តល់ចំណេះដឹងថ្មីៗបន្ថែមទៀតដល់មគ្គុទេសក៍ទេសចរណ៍របស់យើងសម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាថ្មីមកទស្សនាសៀមរាប-អង្គរយើង បន្ទាប់ ពីជំងឺកូវីដ១៩មានភាពស្ងប់ស្ងាត់ និងផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ និងខិតខំគ្រេបយកចំណេះដឹងថ្មីៗតាមរយៈវគ្គវិក្រិតការនេះ។

អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលស្ថិតនៅក្នុងបរិបទការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ បានកែលម្អសោភ័ណភាពនៅបរិវេណប្រាសាទសំខាន់ៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេស ពង្រីកការងារស្រាវជ្រាវលើវិស័យបេតិកភណ្ឌ ដែលជាចំណុចសំខាន់ ដែលអាចផ្តល់ជាចំណេះដឹងបន្ថែមដល់មគ្គុទ្ទេសក៍ ដើម្បីឱ្យមគ្គុទ្ទេសក៍ដែលជាអ្នកនាំសារសំខាន់ក្នុងការផ្តល់ជូនភ្ញៀវទេសចរឱ្យយល់ពីតម្លៃអង្គរ និងវប្បធម៌ខ្មែរ ទទួលបានព័ត៌មានជាក់លាក់ពិតប្រាកដពីអង្គរ៕