ការរៀបចំធ្វើខ្សែទស្សនាថ្មី សម្រាប់ភ្ញៀវទេសចរដែលទៅមើលប្រាសាទចៅសាយទេវតានិងប្រាសាទធម្មនន្ទ


សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាក់ឱ្យ ដំ ណើរការវង់ទស្សនាថ្មីចំនួន២ខ្សែ នៅប្រាសាទចៅសាយ ទេវតានិងនៅប្រាសាទធម្មនន្ទ ក្នុងគោល បំណងចង់លើកតម្លៃនៃប្រាង្គប្រាសាទបុរាណទាំងពីរនេះ ដោយដាក់សញ្ញាប្រាប់ទិសតម្រូវឱ្យភ្ញៀវទេសចរ ដើរទស្សនាតាមការចង្អុលបង្ហាញ ប្រយោជន៍ ដើម្បីឱ្យបានទស្សនាគ្រប់ជ្រុងជ្រោយនៃចំណុចសំខាន់ៗរបស់ប្រាសាទទាំងអស់។
មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួលខុសត្រូវក្រុមការងាររៀបចំខ្សែទស្សនា នៅក្នុងរមណីយដ្ឋានអង្គរ លោក យូ ចន្ថាឱ្យដឹងថា ខ្សែទស្សនានៅប្រាសាទចៅ សាយទេវតានិងប្រាសាទធម្មនន្ទ នឹងត្រូវរៀបចំជាពីរដំណាក់ កាលដូចជាទី១ គឺរៀបចំនៅប្រាសាទចៅសាយទេវតា ដើម្បីបង្ហាញទិសដល់ភ្ញៀវឱ្យចូលទស្សនាតាមផ្លូវចូលច្រកខាងកើត ព្រោះកន្លងមក ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទនេះ តែងនិយមដើរចូលតាមច្រកខាងជើង ជាហេតុធ្វើឱ្យភ្ញៀវមិនបានទស្សនាគ្រប់ ជ្រុងជ្រោយ នៃចំណុចសំខាន់ៗក្នុងប្រាសាទមួយនេះទេ។
ចំណែកដំណាក់កាលទី២ក្នុងរយៈពេលវែង គឺនៅ ពេលណាដែលគម្រោងចាប់ពីតំបន់ទ្វារជ័យ រហូត ដល់ទំនប់បារាយណ៍ខាងកើតរៀបចំរួចរាល់នោះ  គឺនឹងដាក់ឱ្យដំណើរការវង់ទស្សនាទី២ដោយភ្ញៀវទេសចរត្រូវរក្សាទុកមធ្យោបាយធ្វើដំណើរនូវចំណតខ្លោងទ្វារជ័យ ហើយចាប់ផ្តើមដើរទស្សនាចំណុចសំខាន់ៗ នៅក្នុងប្រាសាទធម្មនន្ទ រួចបន្តដំណើរទស្សនាទៅកាន់សួនបណ្តុះកូនឈើ របស់អាជ្ញាធរជាតិអប្សរា ទស្សនារហាត់ទឹក ដោយភ្ជាប់ជាមួយស្ទឹងសៀមរាប ស្ពានបុរាណ និងបន្ទាប់មក ត្រូវបន្តទស្សនាប្រាសាទ ចៅសាយទេវតាតាមច្រកខាងកើតបាន។
ខ្សែទស្សនាទាំងពីរខាងលើនេះ គ្រោងនឹងដាក់ឱ្យដំណើរការនៅពេលឆាប់ៗនេះ ពីព្រោះបច្ចុប្បន្នក្រុមការងារកំពុងគិតគូររៀបចំ ជាផ្ទាំងព័ត៌មាន បរិយាយអំពីចំណុចសំខាន់ៗ នៃរូបចម្លាក់ និងប្រាសាទ ស្លាកសញ្ញាបង្ហាញទិស និងភ្នាក់ងារសម្រាប់ជួយសម្រួលដល់ភ្ញៀវជាដើម។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាយល់ថាការរៀបចំខ្សែទស្សនាបែបនេះ អាចនាំមកនូវសុវត្ថិភាពដល់ប្រាសាទ លើសពីនេះនឹងអាចនាំឱ្យភ្ញៀវទេសចរបានស្គាល់ច្បាស់ និងទទួលបានបទពិសោធន៍ល្អៗ ពីការទស្សនាប្រាសាទបុរាណ។ ជាមួយគ្នានេះដែរអាជ្ញាធរជាតិអប្សរា ក៏សូមលើកទឹកចិត្ត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គួរគោរពតាមការណែនាំនៃវង់ទស្សនា ដែលបានរៀបចំឡើងនេះ ដើម្បីសណ្ដាប់ធ្នាប់ផង ដើម្បីភាពទាក់ទាញផ្នែកវប្បធម៌ផងព្រមទាំងការយល់ដឹងអំពីប្រវត្តិសាស្ត្រដែលជាស្នាដៃកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរផង។
ប្រាសាទធម្មនន្ទនិងប្រាសាទចៅសាយទេវតា ស្ថិតនៅក្បែរគ្នា មានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល៥០០ម៉ែត្រនៅខាងជើងផ្លូវ។ ប្រាសាទធម្មនន្ទស្ថាបនាឡើងនៅចុងសតវត្សទី១១ និងដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២(១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ចំណែកប្រាសាទចៅសាយទេវតា ក៏បានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២នៅចុងសតវត្សទី១១និងដើមសតវត្សទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាដែរ។ ប្រាសាទនេះនិងប្រាសាទធម្មនន្ទមានរូបរាងប្រហាក់ប្រហែលគ្នា។ប្រាសាទនេះមានបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ៕