គម្រោងជួសជុលខ្លោងទា្វរខាងកើតប្រាសាទតាព្រហ្ម បានប្រមាណ២០ភាគរយហើយ


សៀមរាប៖ គម្រោងជួសជុលខ្លោងទា្វរខាងកើតនៃប្រាសាទតាព្រហ្មដែលបានចាប់ផ្ដើមដំណើរការតាំងពីអំឡុងខែមករាឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ២០ ភាគរយ ហើយ ដែលកិច្ច ការជួសជុល អភិរក្សនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងក្រុមបុរាណវិទ្យាឥណ្ឌា។

លោក ចាន់ ឡាយ ប្រធានគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មបានឱ្យដឹងថា ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាតខ្លាំង ដោយកន្លែងខ្លះថ្មបានរលំធ្លាក់ ដែលត្រូវតែធ្វើការសង្គ្រោះបន្ទាន់ ទើបអាជ្ញាធរជាតិអប្សរា និងក្រុមបុរាណវិទ្យាឥណ្ឌា ក្រោយពីទទួលបានអនុសាសន៍ពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចាប់ផ្ដើមអនុវត្តន៍គម្រោងជួសជុលប្រាសាទតាព្រហ្មនេះ ក្នុងដំណាក់កាលទី២ ដោយជួសជុលខ្លោងទ្វារទិសខាងកើត។

លោក ចាន់ ឡាយ ឱ្យដឹងទៀតថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានច្រើនដំណាក់កាល ដូចជាសិក្សាពីទ្រង់ទ្រាយដើមរបស់ខ្លោងទ្វារ ដើម្បីជួសជុលឱ្យស្របតាមលំនាំដើមឡើងវិញ ស្វែងរកថ្មដែលបាត់ មករៀបនៅកន្លែងដើមវិញ ឬក៏ត្រូវបន្ថែមថ្មថ្មីចំពោះទីតាំងដែលចាំបាច់ទ្រទំងន់ និងការជំនួសថ្មថ្មីចំពោះថ្មណាដែលពុកផុយខូចខាតជាដើម។ បន្ថែមលើការងារជួសជុល ក្រុម ការងារក៏ត្រូវធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា សិក្សាសម្រង់ប្លង់ ស្វែងរកថ្ម រើថ្ម ពង្រឹងគ្រឹះ ផ្គុំសាកល្បង  និងរៀបឱ្យត្រូវកន្លែងដើមវិញ តាមរយៈបច្ចេកទេសអាណាស្ទីឡូ (anastylosis)។
គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទ តាព្រហ្ម គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ហើយរហូត មកដល់ពេលនេះ ការងារជួលជុល គឺបានសម្រេចប្រមាណ២០ភាគរយ។

ក្រុមការងារជួសជុល ក៏សូមការយោគយល់ អធ្យា ស្រ័យពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទតាព្រហ្ម ចំពោះការបិទវង់ទស្សនាមួយចំនួន ដោយសារតែកំពុងដំណើរការជួសជុល ដែលធ្វើឱ្យកន្លែងខ្លះត្រូវបង្វាងផ្លូវទស្សនា និងផ្នែកខ្លះទៀតត្រូវដោះដូរភ្លាមៗតាមស្ថានភាពជាក់ ស្តែង ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតជាយថាហេតុនោះ៕