វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ បានបញ្ចប់ដោយជោគជ័យ


សៀមរាប៖វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ រៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា សហការជាមួយក្រសួងទេសចរណ៍ ជូនដល់មគ្គុទ្ទេសក៍ទេសចរណ៍ សរុបចំនួន៤៩នាក់ រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ បានបិទបញ្ចប់ដោយជោគជ័យ នៅសាល សន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។  

មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់វគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង ទេស ចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម បណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  បានថ្លែងអំណរគុណអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលបានខិតខំបង្ហាញរបកកំហើញថ្មីៗជូនដល់សិក្ខាកាមគ្រប់រូប។ ឯកឧត្តម សូមឱ្យមគ្គុទេសក៍ទេសចរណ៍ដែលបានសិក្សាវគ្គវិក្រឹតការពិសេសនេះ ចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗឱ្យគ្នាទៅវិញទៅមក ដោយអ្នកចេះច្រើនបង្ហាញអ្នកតិច ដែលនេះជាកុសលល្អ នោះវិស័យទេសចរណ៍កាន់តែរីកចម្រើន។

ឯកឧត្ដម ឡុង កុសល អគ្គនាយករង តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រំពឹងថា មេរៀនដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងទេសចរណ៍ បានផ្តល់ជូនដល់សិក្ខា កាមទាំងអស់គ្នា វាជាចំណេះដឹងថ្មីៗ ជាពិសេលទ្ធ ផលនៃការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងជំនឿអរូបបីនៅក្នុងតំបន់អង្គរ ដែលជាព័ត៌មានជាក់លាក់បែបវិទ្យាសាស្រ្ត ទុកជាទុនបន្ថែមសម្រាប់បង្ហាញដល់ភ្ញៀវទេសចរ។ ឯកឧត្តម សំណូមពរដល់សិក្ខាកាម និងភាគីពាក់ព័ន្ធមានការសហការល្អជាមួយគ្នា យកគ្នាធ្វើជាដៃគូពិភាក្សា ទោះបីបំពេញការងារខុសគ្នា ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺមានគោលដៅ និងការចូលរួមចំ ណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ទាំងអស់គ្នា។

សិក្ខាកាម អ្នកស្រី អៃ ផារីណាន មគ្គុទេសក៍ទេស ចរណ៍ភាសាបារាំង មកពីសមាគមខ្មែរអង្គរ បានឱ្យដឹងថា ក្រោយពេលចូលសិក្សាវគ្គវិក្រិតការរយៈពេល ១០ថ្ងៃមកនេះ ទទួលបានចំណេះច្រើន ហើយអ្វីដែលមិនធ្លាប់ដឹងពីមុន ឥឡូវបានទទួលមកបំពេញចន្លោះខ្វះខាតកន្លងមក និងយល់ដឹងពីទិន្នន័យការស្រាវជ្រាវថ្មីៗដែលអាជ្ញាធរជាតិអប្សរាបង្ហាញតាមការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសតួនាទីរបស់អាជ្ញាធរជាតិអប្សរា។ អ្នកស្រី អៃ ផារីណាន នឹងយក ចំណេះនេះ ទៅបង្ហាញជូនដល់ភ្ញៀវទេសចរដែលអ្នកស្រីដឹកនាំទស្សនាក្នុងតំបន់អង្គរផង។

សិក្ខាកាមមួយរូបទៀត លោក សឿន សារុន ជាអនុប្រធានសហគមន៍មគ្គុទ្ទេសក៍ទេសចរណ៍អង្គរ បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងវគ្គវិក្រិតការពិសេសនេះ។ លោកឱ្យដឹងថា វគ្គវិក្រិតការនេះ ជួយសម្រួចនូវជំនាញមគ្គុទេសក៍ទេសចរណ៍ ដើម្បីយកទៅផ្សព្វផ្សាយដល់ភ្ញៀវទេសចរបរទេស ជាពិសេសចំណេះដឹងថ្មីៗពីការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទលលៃ ប្រាសាទព្រហ្មកិល និងការបកស្រាយសិលាចារឹកមួយចំនួនទៀត ដែលចំណុចសំខាន់ៗទាំងនេះ បានបង្កើនចំណេះដឹងបន្ថែមទៀត។

ឯលោក សឿន សារុន យល់ថា វគ្គវិក្រិតការពិសេសនេះ ពិតជាសំខាន់សម្រាប់មគ្គុទេសក៍ក្នុងការបន្ថែមចំណេះ ដឹងកាន់តែប្រសើរឡើង។ លោកក៏បានសំណូមពរឱ្យអាជ្ញាធរជាតិអប្សរា និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើងនាពេលអនាគតជាបន្តបន្ទាប់ទៀត សម្រាប់ឱ្យមគ្គុទ្ទេសក៍ទេសចរណ៍មានឱកាសចូលរួមសិក្សាក្នុងវគ្គវិក្រិតការពិសេសនេះ ទទួលបានចំណេះដឹងថ្មីៗមានភាពច្បាស់លាស់ដើម្បីផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរកាន់តែទូលំទូលាយ៕