ការងារជួសជុលស្ពានតាអោង ដំ ណាក់កាលទី២ បញ្ចប់ទៅដោយជោគជ័យ


សៀមរាប៖ គម្រោងជួសជុលស្ពានតាអោងនៅដំ ណាក់កាលទី២  បានបញ្ចប់ទៅដោយជោគជ័យ ទោះបីមានឧបសគ្គខ្លះៗកំឡុងពេលជួសជុលក៏ដោយ ដែលការងារនេះមានរយៈពេល៣ខែ ចាប់ផ្តើមតាំងពីខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២២នេះ ។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ប្រាប់ឱ្យដឹងថា ការជួសជុលស្ពានតាអោងក្នុងដំណាក់កាលទី២នេះ ផ្តោតសំខាន់ផ្នែកខាងត្បូងនៃស្ពាន ជួសជុលពង្រឹងជញ្ជាំងប្រេះហែក១កន្លែង និងសសរស្ពានដែលបានរលុះធ្លាក់២កន្លែង និងបង្កាន់ដៃនាគប្រវែង៧០មែត្រ។

លោក ចាន់ណូរ៉ា បន្ថែមថា កំឡុងពេលជួសជុល ក្រុមការងារបានធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ជួសជុលថ្ម រៀបពង្រឹងសសរដែលរលុះធ្លាក់ ជួសជុលពង្រឹងជញ្ជាំងដែលក្រៀកហែកផ្នែកខាងកើតឱ្យត្រូវតាមលំនាំដើម និងជួសជុលរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ ជាមួយគ្នានេះដែរ អ្នកជំនាញរូបនេះបានលើកឡើងពីឧបសគ្គមួយចំនួនកំឡុងពេលជួសជុលថា៖ ទី១- ថ្មប្រេះហែកហៀបនឹងធ្លាក់ច្រើនចំណុច ទាមទារឱ្យមានការទល់ទ្រជាបន្ទាន់មុនការជួសជុលដើម្បីបង្ការការរលុះធ្លាក់ និងរក្សាសុវត្តិភាព ទី២- កំឡុងពេលអនុវត្តមានភ្លៀងធ្លាក់ញឹកញាប់ជាងមួយខែបណ្តាលឱ្យកម្ពស់ទឹកស្ទឹងឡើងជាបន្តបន្ទាប់ដែលជាឧបសគ្គចម្បងក្នុងការជួសជុលជើងខាងក្រោមរបស់ស្ពាន ហើយក្រុមការងារខិតខំប្រឹងប្រែងជួសជុលជើងក្រោម និងចាប់រន្ទារឡើងអោយផុតពីកម្រិតទឹកជន់ដើម្បីកុំឱ្យរាំងស្ទះការងារ និងបានបញ្ចប់ដោយទទួលជោគជ័យទៅតាមការគ្រោងទុក។

បុរាណវិទូរូបនេះបន្តថា ការងារជួសជុលនេះគឺរក្សាបាននូវតម្លៃស្ថាបត្យកម្ម តម្លៃប្រវត្តិសាស្រ្ត រក្សាកេរដំណែល ព្រមទាំងថែរក្សាហេដ្ឋារចនាសម្ពន្ធសម័យបុរាណសម្រាប់មនុស្សជំនាន់នេះ និងកូនចៅជំនាន់ក្រោយបានសិក្សាស្វែងយល់ពីស្នាដៃរបស់ដូនតា និងធ្វើដំណើរឆ្លងកាត់ ព្រមទាំងជាគោលដៅទេសចរណ៍មួយដ៏សំខាន់ផង។

លោក ចាន់ណូរ៉ា បញ្ជាក់ថា ពេលចប់គម្រោងនេះ នឹងមានគម្រោងជួសជុលកម្រាលស្ពានផ្នែកខាងលើជាបន្ត នាពេលអនាគត ដោយបច្ចុប្បន្នថ្មកម្រាលមានស្ថានភាពពុកជាអន្លើរ និងជួសជុលស្លាបស្ពានសងខាងឱ្យរឹងមាំឡើងវិញដើម្បីឱ្យតួស្ពានទាំងមូលរឹងមាំ ឱ្យឋិតស្ថេរគង់វង្សយូរអង្វែង លើកតម្លៃស្ពានបុរាណនេះឡើងវិញ។

ឯសូមបញ្ចាក់ថា កត្តាដែលបង្កឱ្យស្ពាននេះមានហានិភ័យខ្លាំង ដោយដោយសារកត្តាធម្មជាតិ អាយុកាលថ្ម ទឹក ឬសដើមឈើចាក់បំប៉ើងថ្មឱ្យប្រេះបែក កត្តាមនុស្ស ដោយការដឹកធ្ងន់ៗឆ្លងកាត់ស្ពានបុរាណមួយនេះ៕