អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាល ស្តីពីជំនាញអភិរក្សថ្ម

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយស្តីពី ជំនាញអភិរក្សថ្ម នៅសាលសន្និសិទអង្គរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម គឹម សុធិន អគ្គនាយក រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីសំណាក់អង្គការ(GIZ)ប្រចាំប្រទេសកម្ពុជា ប្រធាននាយកដ្ឋាន មន្រ្តី បុគ្គលិក អ្នកជំនាញការជាតិ និងអន្តរជាតិចំនួន៥០នាក់។

ឯកឧត្តម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការងារអភិរក្ស និងជួសជុលថ្មក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយនឹងធ្វើឱ្យមន្រ្តី និងបុគ្គលិក ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ បានសិក្សាស្វែងយល់កាន់តែស៊ីជម្រៅ ទៅលើការងារសង្កេតអំពីស្ថានភាពថ្ម និងចេះចងក្រងឯកសារជាដើម។
ឯកឧត្តមអគ្គនាយករង សង្ឃឹមថា សិក្ខាមដែលបានចូលរួមក្នុងវគ្គនេះ និងក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាព ក្នុងការបន្តវេននៅក្នុងកិច្ចការងារអភិរក្ស ថែរក្សាថ្មប្រាសាទឱ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

នាឱកាសនោះដែរ ឯកឧត្តម គឹម សុធិន អគ្គនាយក រងអាជ្ញាធរជាតិ ក៏បានថ្លែងអំណរគុណចំពោះអង្គការ (GIZ) អង្គការពាក់ព័ន្ធនានា អ្នកជំនាញជាតិ និងអន្តរជាតិ ទាំងអស់ដែលបានចូលរួមក្នុងកិច្ចការងារអភិរក្សអង្គរ ជាពិសេសបានយកចិត្តទុកដាក់ក្នុងការឧបត្ថម គាំទ្រ សហប្រត្តិបត្តិការក្នុងកិច្ចការងារអភិរក្សរមណីយដ្ឋានអង្គរ រហូតសម្រេចបានជាផ្លែផ្កាគួរជាទីកត់សំគាល់នាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្តីពី ជំនាញអភិរក្សាថ្ម មានរយៈពេល២ឆ្នាំកន្លះ ក្នុងគោលបំណងផ្ទេរទាំងចំណេះដឹង និងជំនាញអភិរក្សថ្ម ទៅដល់មន្ត្រី បុគ្គលិក និងភ្នាក់ងារ ឱ្យមានជំនាញច្បាស់លាស់ លើការងារអភិរក្សថ្ម ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារអភិរក្ស និងជួសជុលសំណង់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពីភពលោក ប្រកបដោយចីរភាព និងមានគុណភាព មានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ៕