ឃាត់ខ្លួនជនល្មើសម្នាក់ក្នុងចំណោមបក្សពួកជាង ២០ នាក់ដែលលួចកាប់បំផ្លាញកូនឈើប្រណិតអស់ជាង ២០០ដើមបំណងទន្រ្ទានយកដី

កំពង់ធំ៖ សមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២២នេះ បានចាប់ខ្លួនជនម្នាក់ ក្នុង ចំណោមជាង២០នាក់ ដែលកំពុងធ្វើសកម្មភាពកាប់បំផ្លាញកូនឈើប្រណិតដើម្បីទន្រ្ទានយកដី។ ដោយឃាត់ខ្លួន នៅចំណុច ឡូត៍អចិន្ត្រៃយ៍ វិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងសត្វព្រៃ កម្ពុជា-ជប៉ុន ស្ថិតនៅក្នុងភូមិឃុំ ក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត កំពង់ធំ បានអោយដឹងថា ក្រុមទុច្ចរិតមានគ្នាជាង ២០ នាក់បានធ្វើសកម្មភាពលួចកាប់បំផ្លាញកូនឈើដើម្បីទន្រ្ទានយកដីចំនួន ២៣ ហិតា បន្តិចម្តងៗ ចាប់តាំង ពីថ្ងៃទី០៤ ដល់០៥ ខែមិថុនា តែពួកគេបានរត់គេច នៅពេលសមត្ថកិច្ចជំនាញទៅដល់ទីតាំងខាងលើ។ នៅថ្ងៃទី២៥ ដល់២៦ ខែមិថុនា ខាងជំនាញបានចូលទៅហាមឃាត់ម្តងទៀតខណៈក្រុមទុច្ចរិតបានបន្តមកលួចធ្វើសកម្មភាពកាប់បំផ្លាញកូនឈើជាថ្មី តែត្រូវក្រុមនេះគម្រាមដោយប្រើកាបិត និងកាំភ្លើងខ្យល់ជាដើម។ ក្នុងការចុះបង្ក្រាបនៅព្រឹកថ្ងៃទី២៧មិថុនានេះ កម្លាំងជំនាញឃាត់ខ្លួនមនុស្សបានម្នាក់ ឈ្មោះអែម ជ្រុយ និងបានបំផ្លាញទីតាំងរោងតូចៗជាច្រើន និងសំភារៈ១ចំនួនផងដែរ។ ចំណែកកូនឈើដែលត្រូវក្រុមទុច្ចតរិតកាប់បំផ្លាញ មានដូចជា៖ កូនឈើធ្នង់ កូនឈើបេង កូនឈើក្រញូង ជាង ២០០ ដើម ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ប្រជា ពលរដ្ឋ អោយបញ្ឈប់ការកាប់និទ្ទ្រានព្រៃឈើទៀត ហើយត្រូវរួមគ្នាថែរក្សារបរិស្ថាន និងរក្សាកូនឈើចម្រុះក៏ដូចជាជីវចម្រុះដែលមានស្រាប់។ ចំណែកជនល្មើសដែលឃាត់ខ្លួន សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ប្រភពព័ត៌មានបានអោយដឹងថា ក្នុងចំណោមក្រុមពួកគេខាងលើមានបុគ្គលម្នាក់ឈ្មោះ សោម សុវណ្ណរិទ្ធ ជាមេខ្លោង បានយកឈ្មោះថ្នាក់ដឹកនាំកំពូល នឹងអួត ខ្លួនមានតួនាទីជាជំនួយការថ្នាក់ដឹកនាំកំពូលផងដែរ។ដោយឡែក អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើសម្បត្តិសាធារណៈរបស់រដ្ឋ គឺមានទោសធ្ងន់ណាស់ និងមិនអោយរួចខ្លួនទេ។ ខណ:នេះ សមត្ថកិច្ចជំនាញកំពុង ធ្វើការស្រាវ ជ្រាវ តាមចាប់បក្សពួកផ្សេងៗទៀត យកផ្តន្ទាទោសតាមច្បាប់៕