ពលរដ្ឋពីរក្រុមផ្ទុះជម្លោះរឿងដីធ្លី ឈានដល់បង្កជាអំពើហឹង្សារបួស ៥នាក់

ដោយ:កវី/សៀមរាប៖ ពលរដ្ឋចំនួនពីរក្រុម ដែលមួយក្រុមរស់នៅក្នុងខេត្តសៀមរាប ឯមួយក្រុមទៀតមានគ្នារាប់រយនាក់មកពីគ្រប់បណ្តាខេត្ត បានផ្ទុះជម្លោះរឿងដីធ្លីឈានដល់បង្កជាហឹង្សាបណ្តាលអោយរងរបួសមនុស្ស៥នាក់។
    ហេតុការណ៍បង្ករបួសស្នាមនេះ បានកើតឡើង៥ថ្ងៃជាប់គ្នាគឺចាប់តាំងពីថ្ងៃ២០រហូតដល់ថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០២២ នៅចំណុចភូមិ ស្នាសង្គ្រាម ឃុំ បលង្គ័ ស្រុកប្រាសាទបាគង។
   ក្រុមអ្នកភូមិស្នាសង្គ្រាមជាច្រើននាក់ បានផ្តល់ព័ត៌មានប្រហាក់ប្រហែលគ្នាថា ពួកគាត់មានដីនៅចំណុចភូមិខាងលើ ក្នុងម្នាក់០.៥ហិកតា រហូតដល់ ២ហិកតា ដោយមានលិខិតកាក់កាប់ និងអាស្រ័យ ផលយូឆ្នាំមកហើយ។ ប៉ុន្តែក្នុងកំឡុងថ្ងៃទី១៩ខែ មិថុនាឆ្នាំ២០២២នេះ គ្នាដែលពួកគាត់ទៅមើលថែដំណាំ ក៍ស្រាប់តែមានគេចូលមកឈូសឆាយនិងសាងសង់លើដីពួកគាត់៣គ្រួសារ។ ពេលពួកគាត់នាំ គ្នាទៅសាកសួរពីហេតុការណ៍ ក៍ស្រាប់តែភាគីម្ខាង ទៀតលើកគ្នាប្រមាណជិត៣០០នាក់មករុញច្រាន និងចាប់វាយ ខ្លះបាក់ដៃ ឯខ្លះទៀតរងរបួលយ៉ាង ដំណំ។
    ប្រភពបន្តថា អ្នកដឹកនាំកម្លាំងមកបង្ករបួសស្នាម មានឈ្មោះថា នី ចាន់ពិនិត្យ។ បុគ្គលនេះបានអះអាងនៅមុខហ្វូងពលរដ្ឋថា ខ្លួនតំណាងអោយលោខឹម វាស នា ប្រធានគណ:បក្សLDP ដែលមានដី៤០ហិកតានៅទីនោះ។ អីចឹងទេពួកគេនាំគ្នាមកគ្រប់គ្រង សាងសង់តែលើដីរបស់ខ្លួនប៉ុណ្ណោះ។
    ស្ត្រីឈ្មោះមេង ណៃ បានផ្តល់បទសម្ភាសន៍ថា ដីរបស់គាត់មានលិខិតកាន់កាប់ត្រឹមត្រូវ តែថ្មីៗនេះ ត្រូវក្រុមលោកនី ចាន់ពិនិត្យ មកសាងសង់ផ្ទះរំលោភយក អីចឹងទេ រូបនាងខ្ញុំស្នើសុំអោយអាជ្ញាធរជួយទប់ស្កាត់ដើម្បីរកដំណោះស្រាយសិន។
   ចំណែកលោក អ៊ុក គីម ហុង ក៍បានអោយដឹងថា ដីរបស់លោកបានជីកស្រះដំាដំណាំ និងប្រមូលផលរាល់ថ្ងៃ តែនៅសុខៗ ក្រុមខាងលើបានចូលមករំលោភកាន់កាប់ ហើយចាប់កម្មកររបស់លោកវាយបណ្តាលបាក់ដៃម្ខាង។ ក្រៅពីនោះក្រុមបុគ្គលខាងលើ បានចាប់ពលរដ្ឋផ្សេងទៀតវាយបណ្តាលអោយរបួសផងដែរ។ករណីបង្ករបួសស្នាម ជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយដែរ។
    ទោះបីយ៉ាងណា ក្រុមអ្នកព័ត៌មានមិនអាចស្វែករកជួបលោកនី ចាន់ពិនិត្យ ដើម្បីសុំការបំភ្លឺបានទេ។លោក មេឃុំបលង្គ័ ប៊ូ នឿម ក៍មិនលើកទូរសព្ទ័ផ្តល់ព័ត៌មានដែរ។
    លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានប្រាប់ដោយផ្ទាល់ថា ករណីនឹងលោកបានអោយអាជ្ញាធរស្រុកបន្ទាយស្រីស្រាវជ្រាវឯកសារនិងពិនិត្យទីតាំងដីដើម្បីរកដំណោះស្រាយ ព្រោះថាឯកសារខាងលោកនី ចាន់ពិនិត្យ គឺដី៤០ហិកតានៅក្នុងស្រុកបន្ទាយស្រី ឯដីទំនាស់នៅក្នុងស្រុកប្រាសាទបាគង។លោកបន្តថា ព្រំប្រទល់ស្រុកទាំងពីរបានចែកដាច់ម្ខាងផ្លូវពីគ្នា ផ្លូវសាងក្នុងឆ្នាំ២០១២ រីឯឯកសារដីខាងលោកនី ចាន់ពិនិត្យ នៅឆ្នាំ២០១៤ ចុះហេតុអីក៍ដីនោះឆ្លងមកដល់ស្រុកប្រាដាទបាគងទៅវិញ។ ចឹងទេរឿងនេះក្រោយផ្ទៀងផ្ទាត់ឯកសារទើបដឹងថា ភាគីជាអ្នករំលោភបំពាន៕

sdr