កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់បានបញ្ចប់ការជួសជុល

សៀមរាប៖ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល ៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ ២០២២នេះ។

លោក ក្រឹម គ្រួន អ្នកគ្រប់គ្រងការដ្ឋានជួសជុលមាន ប្រសាសន៍ថា ការងារជួសជុលស្ពានហាលរបស់កំពង់ ទឹកនេះ គឺដើម្បីពង្រឹងរចនាសម្ពន្ធរបស់កំពង់ទឹកស្ពានហាលឱ្យមានរូបរាងដើម និងរឹងមាំឡើងវិញ។ លោក ក្រឹម គ្រួន បានបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យរចនាសម្ពន្ធសំណង់កំពង់ទឹករបស់ស្ពានហាលនៃស្រះស្រង់ ផ្នែកខាងត្បូងរងនូវការខូចខាត ដោយសារអាយុកាលនៃសំណង់ ការពុកផុយនៃស្រទាប់ថ្មបាយក្រៀមខាង ក្រោម ឫសឈើចាក់ជ្រែកទៅក្នុងថ្មធ្វើឱ្យថ្មរំកិលខុសពីទីតាំងដើម។

លោក ក្រឹម គ្រួន បន្តទៀតថា ការងារជំហានដំបូងក្រុមការងារធ្វើសម្រង់ប្លង់ និងការរើថ្ម លាងសម្អាត ចុះបញ្ជីថ្ម និងជួសជុលថ្ម ព្រមទាំងធ្វើកំណាយបុរាណវិទ្យាដើម្បីសិក្សាពីស្ថានភាពគ្រឹះ។ ក្រោយពីពង្រឹងគ្រឹះដោយប្រើវិធីសាស្រ្តបុរាណឡើងវិញរួចរាល់ អ្នកជំនាញបានរៀបចំផ្គុំថ្មបាយក្រៀម និងថ្មភក់ទៅ តាមលំនាំដើម ដោយបន្ថែមថ្មថ្មីក្នុងចំនួនតិចបំផុត ហើយក្រុមការងារបានបិទភ្ជិតមុខដំណរថ្មដើម្បីការ ពារជម្រាបទឹក ជៀសវាងការខូចខាតគ្រឹះបន្តទៀត។ លោក ក្រឹម គ្រួន បញ្ជាក់ថា កំពង់ទឹកនេះ ធ្លាប់បានជួសជុលកាលពីសម័យបារាំងរួចម្តងមកហើយ ដោយការរៀបថ្ម ចាក់បេតុង ចាក់ល្បាយដីពង្រឹងគ្រឹះឡើង វិញ ប៉ុន្តែដោយកត្តាអាយុកាល និងធម្មជាតិ ទឹកភ្លៀងបានហូរច្រោះគ្រឹះបណ្តាលបាក់ស្រុតតាមកន្លែងផ្សេងៗជាអន្លើរ។

ក្រោយពីអាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលកំពង់ ទឹកផ្នែកខាងត្បូងនេះរួចរាល់ រក្សាបាននូវភាពរឹងមាំស្ថិតនៅគង់វង្សយូរអង្វែង បានដល់កូនចៅខ្មែរជំនាន់ក្រោយជាបន្តទៀត និងលើកកម្ពស់សោភ័ណភាពរបស់ស្ពានហាលនេះ កាន់តែមានភាពស្រស់ស្អាតទ្វេឡើង៕