អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈបច្ចេកទេសនៃការសាង សង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១៥២២គ្រួសារ

សៀមរាប៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យ និងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាន និងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងក្រៅតំបន់រមណីយដ្ឋានអង្គរ បានចំនួន១៥២២គ្រួសារ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរចំនួន១៤៩២គ្រួសារ ក្រុងសៀមរាប ៣៧៧គ្រួសារ ស្រុកប្រាសាទបាគង ៣៤៩គ្រួសារ ស្រុកបន្ទាយស្រី ២៥៥គ្រួសារ ស្រុកពួក ៣៣៧ គ្រួសារ និងស្រុកអង្គរធំ ១៧៤គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅតំបន់រមណីយដ្ឋានអង្គរចំនួន៣០គ្រួសារ ស្រុកស្វាយលើ ២៤គ្រួសារ  ស្រុកសូទ្រនិគម ០៦គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាត និងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕