រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា ភិបាលអាជ្ញាធរជាតិអប្សរាចូលរួមប្រជុំស្តីពីការបូកសរុបការងារ និងទិសដៅការងាររបស់គណៈ កម្មាធិការអាយស៊ីស៊ី-អង្គរ នៅទីក្រុង ប៉ារីស

សៀមរាប៖ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ លោក ជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរាបានដឹកនាំសហការីចូលរួមកិច្ចប្រជុំបូកសរុបការងាររយៈពេល ៣០ឆ្នាំ និងការពិភាក្សាទស្សនវិស័យរយៈពេល១០ឆ្នាំ ខាងមុខទៀតរបស់អាយស៊ីស៊ីអង្គរ២០២៣-២០៣៣  នៅទីស្នាក់ការក្រសួងអឺរ៉ុប និងកិច្ចការអន្តរជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

អង្គប្រជុំដ៏មានសារសំខាន់នោះ មានការអញ្ចើញចូលរួមពី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម បុង សុវត្ថិ ឯកអគ្គរាជទូត ប្រតិភូអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ និងភាគីពាក់ ព័ន្ធសំខាន់មួយចំនួនទៀតដូចជា ភាគីបារាំងដឹកនាំដោយលោក Matthieu PEYRAUD ក្រសួងការ បទេសបារាំង លោក Bruno FAVEL  លោកស្រី Francine d’ORGEVAL តំណាងក្រសួងវប្បធម៌បារាំង ភាគីជប៉ុនដឹកនាំដោយ លោក MIZUTANI Toshihiko លេខាទីមួយ ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសជប៉ុនប្រចាំអង្គការយូណេស្កូ លោកស្រី Nao HAYASHI តំណាងអង្គការយូណេស្កូទីក្រុងប៉ារីស។ រីឯតំណាងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរមានការអញ្ជើញចូលរួមដោយ លោកសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ  និងលោកសាស្ត្រាចារ្យ Mounir BOUCHENAKI អ្នកជំនាញចំពោះកិច្ចសម្រាប់ការអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

គួរបញ្ជាក់ថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប សហប្រធាននៃគណៈកម្មាធិការនេះគឺប្រទេសបារាំងនិងជប៉ុន បានប្រកាសយ៉ាងឱឡារិកអំពីការបន្តបេសកកម្មជ្រោម ជ្រែងចំនួន១០ឆ្នាំបន្ថែមទៀតដល់កម្ពុជាក្នុងកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕