កូនឈើចម្រុះចំនួនជិត៧ពាន់ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដល់សាធារណជន

សៀមរាប៖ កូនឈើចម្រុះសរុប៦,៧៣០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាបន្តចែកចាយដល់ព្រះ សង្ឃ និងសាធារណជននានា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅដាំតាមដីទំនេរ ឬដីចម្ការតាមបណ្ដាខេត្តនានា។

កូនឈើដែលបានចែកចាយទាំងនោះរួមមាន៖

– ប្រគេនកូនឈើជូនព្រះញាណទេវោ សាំង អួយ ព្រះអនុគណស្រុកចុងកាល់ គង់នៅវត្តពុទ្ធិជោតមហាវ័ន្តតារៈបាត់ថ្កៅ ចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងពិធីធម្មយាត្រាដាំកូនឈើនៅព្រៃសង្ឃសហគមន៍ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម ធ្នង់៥០០ដើម បេង៣០០ដើម រំដួល២០០ដើម ក្ងោកធំ២០០ដើម ព្កុល៣០០ដើម ឈើទាល៥០០ដើម និងគគីរ៥០០ដើម។

– ប្រគេនកូនគ្រញូងជូនព្រះវារិន្ទមុនី ទី ថា ព្រះគ្រូអនុគណស្រុកវ៉ារិន ចំនួន៣៨០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តសុវណ្ណបុទុម ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

– ផ្តល់កូនឈើជូនតំណាងលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ចំនួន២,០០០ដើម ដើម្បីយកទៅដាំលម្អនៅតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ក្ងោកតូច១,០០០ដើម ក្ងោកធំ៥០០ដើម និងឥន្ទនេល៥០០ដើម។

– ផ្តល់កូនគ្រញូងជូនលោក រ័ត្ន ភារម្យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតនៅស្រុកស្ទោង ខេត្តកំពង់ធំ។

– ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់ និងផ្នែកផ្សេងៗនៃអាជ្ញាធរជាតិអប្សរា ចំនួន១,១៥០ដើម ដើម្បីយកទៅដាំលម្អនៅខាងកើតប្រាសាទអង្គរវត្ត ដីបុរីវប្បធម៌ និងសណ្ឋាគារ និងនៅខាងកើតប្រាសាទប្រី។ កូនឈើទាំងនោះរួមមាន ធ្នង់៦០០ដើម ច្រេស៥០ដើម ឈើទាល២០០ដើម គគីរ១០០ដើម កកោះ៥០ដើម រំដួល១០០ដើម និងឥន្ទនេល៥០ដើម។

– ផ្តល់កូនឈើជូនលោក វង្ស គៀង ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ  ចំនួន១៥០ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតស្រុកទឹកផុស នៅខេត្តកំពង់ឆ្នាំង។ កូនឈើទាំងនោះរួមមាន គ្រញូង៣០ដើម ធ្នង់៣០ដើម បេង៦០ដើម និងច្រេស៣០ដើម៕