អាជ្ញាធរជាតិអប្សរា និងប្រទេសញ៉ូវហ្សឺលែនកំពុងសិក្សាបន្តគម្រោងសហប្រតិបត្តិការដំណាក់កាលថ្មីបន្ត

សៀមរាប÷ ចាប់ពីថ្ងៃទី០៤ ដល់ ១២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានដឹកនាំសហការីជួបពិភាក្សាការងារ និងចុះបង្ហាញពីការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍នៅក្នុងតំបន់អង្គរ ជាមួយគណៈប្រតិភូក្រសួងការបរទេស និងពាណិជ្ជកម្ម មន្រ្តីទូត និងអ្នកជំនាញមកពីប្រទេសញ៉ូវហ្សឺលែន ដើម្បីបន្តកិច្ចសហការលើគម្រោងដំណាក់ថ្មីក្រោយវិបត្តិកូវីត-១៩។

គម្រោងនេះមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាពដើម្បីបញ្ចៀសទឹកជំនន់ក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពនិងធនធានមនុស្សជាដើម។

សូមរំលឹកផងដែរថា ប្រទេសញ៉ូវហ្សឺលែនបានមកសិក្សារួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាលើគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍នៅក្នុងតំបន់អង្គរ រហូតឈានដល់ការគាំទ្រក្នុងការអនុវត្តគម្រោងជាបន្តបន្ទាប់ ដោយបានបែងចែកជាបីដំណាក់កាល៖

  • ដំណាក់កាលទី១ (២០០៩ – ២០១០)៖ ជាគម្រោងសាកល្បងដែលមានឈ្មោះថា “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
  • ដំណាក់កាលទី២ (២០១១ – ២០១៣)៖ គម្រោង “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។
  • ដំណាក់កាលទី៣ (២០១៤ – ២០១៩)៖ គម្រោង “គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ” ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)៕