សកម្មភាពដឹកឈើរបស់ឈ្មួញជើងខ្លាំង ឈ្មោះ តុលាត្រូវបានសមត្ថកិច្ចបង្ក្រាប

ព្រះវិហារ ៖ រថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងប្រចាំខេត្តព្រះវិហារ ឈ្មោះតុលា ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបាននៅពេលកំពុងលើកឈើដាក់រថយន្ត ខណៈមនុស្សដូចខ្មោចប្រាប់ដំណឹងមុន បានចាកចេញពីទីតាំងអស់។

ឈ្មួញឈើជើងខ្លាំង ឈ្មោះ តុលា កន្លងមកធ្លាប់កៀរឡានរដ្ឋបាលព្រៃឈើធ្លាក់ប្រឡាយ នៅពេលដែលមន្ត្រីជំនាញព្យាយាមបង្ក្រាបសកម្មភាពដឹកឈើខុសច្បាប់របស់ឈ្មោះខាងលើនេះ។


កិច្ចសហការការបង្រ្កាបនេះធ្វើឡើងដោយសមត្ថកិច្ចចំរុះ និងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន កាលវេលាល្ងាចថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២២ នៅកន្លែងលើកឈើ ផ្ទះរបស់ឈ្មោះឈឿនស្ថិតក្នុង ភូមិពោ ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។

តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ថា មានរថយន្ត ហាយលេនឌើ ពណ៌ ស គ្មានស្លាកលេខ១គ្រឿងកំពុងលើកឈើសុក្រម នៅចំណុចទីតាំងខាងលើរួច លោក ចាប ផាត មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុករវៀងសហការ លោក ស៊ុ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង និង នគរបាល បានចុះទៅដល់កន្លែងបទល្មើសដើម្បីធ្វើការឃាត់រិបអូសវត្ថុតាងជាក់ស្តែងតែម្តង ចំណែកជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះទេ ដោយសាពេលក្រុមចម្រុះទៅដល់អ្នកបើកឡានដឹកបទល្មើសរត់បាត់ស្រមោល ៕