រដ្ឋបាលខេត្តសៀមរាបប្រកាស និរាករណ៍ លិខិតដែលស្នើសុំឲ្យអាជ្ញាធរជាតិអប្សរាផ្អាក ការរុះរើសំណង់របស់ពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជូនដំណឹងថារដ្ឋបាលខេត្តសៀមរាប បានសំរេចលុបចោល លិខិតរបស់ខ្លួន ដែលបានចេញស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះអាសន្ននូវសកម្មភាព រុះរើសំណង់និងការ្យផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរនោះវិញហើយ។
     ការសំរេចនិរាករណ៍នេះ បន្ទាប់ពីពិនិត្យឃើញថាលិខិតស្នើសុំនោះ បានធ្វើឱ្យមានការកើនឡើងនៃ សំ ណង់ខុសច្បាប់យ៉ាងច្រើន បណ្ដាលឱ្យប៉ះពាល់ដល់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារបេតិកភណ្ឌ។
     តាមសេចក្តីជួនដំណឹងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ ដែលចុះហត្ថលេខាដោយឯកឧត្តម ទៀ សី ហា អភិបាលខេត្តសៀមរាប បានជំរាបជូនទៅអគ្គនា យកនៃអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប សម្រេចនិរាករណ៍លិខិតលេខ ៤១២ /២២ ល.ស ចុះ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីសំណើសុំឲ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះ អា សន្ននូវសកម្មភាព រុះរើសំណង់និងការ្យផ្សេងៗរបស់ប្រជាពលរដ្ឋ ក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។
    សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០ ២២កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ធ្លាប់បានធ្វើលិខិតស្នើសុំមួយ ទៅកាន់អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដោយក្នុងលិខិតនោះ រដ្ឋបាលខេត្តសៀមរាបបានស្នើសុំឱ្យអាជ្ញាធរជាតិអប្សរាផ្អាកជាបណ្តោះ អា សន្ននូវសកម្មភាពរុះរើសំណង់ និងការ្យ ក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។
     ក្នុងលិខិតនោះ ក៏បានស្ដីបន្ទោសថាកន្លងមកបញ្ហាសំណង់ដែលប្រជាពលរដ្ឋបានសាងសង់ក្នុងតំបន់១ និងតំបន់ ២ នៃតំបន់រមណីយដ្ឋានអង្គរ តែងដាក់ពិភាក្សាក្នុងគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួល ការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដើម្បីពិនិត្យពិភាក្សា និងសម្រេចផ្សេងៗ ប៉ុន្តែក្នុងអំឡុងមុនពេល និង ក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តទី៥ ឆ្នាំ២០២២ នេះ អាជ្ញាធរជាតិអប្សរាបាន ចុះអនុវត្តការងារដោយពុំបានពិភាក្សាគ្នាឱ្យច្បាស់លាស់ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ ដើម្បីសម្របសម្រួល ការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់ នៅតំបន់រមណីយដ្ឋានអង្គរ រវាងរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរាទេ។
    ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ លោកជា សុផារ៉ា ធ្លាប់បានបញ្ជាក់ ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងក្បាលដីកំណត់និយាមក្បាលដី អត្តសញ្ញាណអ្នកកាន់ កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ខែកក្កដាកន្លងទៅថាក្នុងរយៈពេល ២ខែចុងក្រោយ នៃឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប បានចេញលិខិតជូនដំណឹងមួយស្នើឱ្យ អាជ្ញាធរជាតិអប្សរាផ្អាកការចុះរុះរើសំណង់ខុសច្បាប់ នៅក្នុងតំបន់អង្គរនោះ គឺមានសំណង់ថ្មីៗចំនួនជាង ៣៩០ករណី បានកើនឡើង ដែលលោកក៏សំណូមពរឱ្យរដ្ឋបាលខេត្តសៀមរាប គួរតែនិរាករណ៍លិខិតនោះចោលចេញ៕