លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពពិធីប្រកាសតែងតាំងប្រធាន និងអនុប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានចូលរួមជាអធិប តីភាព ពិធីប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរា។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវបណ្ឌិត សភាចារ្យ  ភឿង សកុណា បានបង្ហាញអារម្មណ៍ចូលរួមអបអរសាទរដល់តួនាទីថ្មីរបស់មន្រ្តីអាជ្ញាធរជាតិអប្សរា។ លោកជំទាវបានចាត់ទុកភារកិច្ចថ្មីនេះ ថាបានបង្ហាញយ៉ាងច្បាស់ចំពោះការខិតខំប្រឹងប្រែងក្នុងការងារបស់មន្រ្តីគ្រប់រូប ក្នុងការបម្រើស្ថាប័ន។ តួនាទីជារឿងមួយ តែស្មារតី ការងារ និងក្ដីស្រឡាញ់ចំពោះការងារឯណោះទេ ដែលប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ចាត់ទុកថាជាបុគ្គលិកលក្ខណៈរបស់មន្រ្តីគ្រប់រូប ដែលទើបទទួលភារកិច្ចថ្មីនៅពេលនេះ។

សម្រាប់លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា ស្ថាប័នមួយរីកចម្រើនទៅបាន មិនមែនដោយសារតែថ្នាក់ដឹកនាំ មន្រ្តីថ្នាក់លើទេ តែសុទ្ធសឹងកើតឡើងពីការចូលរួមពីបុគ្គលិក ឬពលករពីក្រោមទៅ ទាំងអ្នកជួសជុលប្រាសាទ សម្អាតបរិស្ថាន និងផ្នែកសណ្ដាប់ ធ្នាប់ជាដើម ដែលមានចំណែកជួយឱ្យស្ថាប័នឬអង្គភាពមានភាពរឹងមាំរហូតដល់សព្វថ្ងៃ។

លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា ក៏បានលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ពិសេសមន្រ្តីទើបទទួលបានតួនាទីថ្មីនៅពេលនេះ ឱ្យបន្តខិតខំប្រឹង ប្រែងបន្តទៀត ដើម្បីអនាគតទៅថ្ងៃមុខ។ លោកជំទាវរដ្ឋមន្រ្តី បានចាត់ទុកតួនាទីថ្មីនេះ ថាជាអំរែកមួយបន្ថែមទៀត និងកោតសរសើរចំពោះការលះបង់ដើម្បីអង្គរ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិតសភាចារ្យ  ភឿង សកុណា ក៏អំពាវនាវឱ្យមន្រ្តីទាំងអស់ ធ្វើការដោយស្មារតីសាមគ្គីគ្នា គោរពគ្នា និងយោគយល់គ្នាទៅវិញទៅមក  ដ្បិតថាគ្រប់គ្នាសុទ្ធតែមានបន្ទុករៀងៗខ្លួនដើម្បីបុព្វហេតុអង្គរ។ ភាពហ្មត់ចត់ និងច្បាស់ លាស់នឹងការងារ ក៏ជាអ្វីដែលរដ្ឋមន្រ្តី ភឿង សកុណា ផ្ដាំទៅមន្រ្តីគ្រប់រូបផងដែរ ដោយថា វាជាទុនសំខាន់ក្នុងការក្លាយខ្លួនជាថ្នាក់ដឹកនាំមួយរូបនាពេលអនាគត៕