រថយន្តខ្នាតយក្សសម្រុកដឹកទំនិញ ទម្លាក់ចូលកាណូត ឆ្លងទៅ វៀត ណាមទាំងយប់គ្មានការបង្ក្រាប

ខេត្តស្វាយរៀង៖ រថយន្តខ្នាតយក្សចំនួន៤គ្រឿង បានសម្រុកដឹកទំនិញយកទៅទម្លាក់ចូលការណូត វៀត ណាមទាំងយប់ នៅចំណុចប៉ុស្តិ៍វរៈការពារព្រះដែនអនុសេនាតូចលេខ២ តំណាក់យ៉ាំដូង សង្ស័យជាទំនិញ គេចពន្ធ តែគ្មានការបង្ក្រាប។
    រថយន្តខាងលើ ត្រូវបានប្រទះឃើញ កាលពីម៉ោង ៧យប់រហូតដល់ម៉ោងជាង១២រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៨កញ្ញា២០២២ នៅចំណុចប៉ុស្តិ៍ទាហានវរៈការ ពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យ៉ាំដូង ទន្លេយ៉ាំដូង ស្ថិតនៅភូមិចំឡង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
    បើតាមមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកតំបន់យ៉ាំដូង បានប្រាប់ក្រុមអ្នកសារព័ត៌មានថាៈ រថយន្តយីឌុប ប្រភេទវ៉េអង ចំនួន០៤គ្រឿងនេះ ទី១ ពាក់ស្លាកលេខភ្នំពេញ 3F-3226 ទី២ ,ពាក់ស្លាកលេខ ភ្នំពេញ 3F-1911 ទី៣ ,ពាក់ស្លាកលេខ កំពង់ ចាម3A7556លេខរ៉ឺម៉កភ្នំពេញ4A- 9101 និងទី៤ ភ្នំពេញ4A-5790 ដឹកទំនិញ ខោអាវ គីប មកពីរាជ ធានីភ្នំពេញ យកមកផ្ទេរដាក់ត្រាក់ទ័រ ដឹកទៅដាក់កាណូតប៉ុកចៃ វៀតណាម ចំនួន០២គ្រឿង នៅចំណុចខាងលើ។ នៅពេលសាកសួររឿងផ្ទេរទំនិញពេលយប់  សមត្ថកិច្ចឆ្លើយថា ម្ចាស់ទំនិញប្រាប់ថា ពួកគេបានបង់ពន្ធគយ រួចហើយ។ តែមិនបានប្រាប់ថា ម្ចាស់ឈ្មោះអ្វីនោះទេ។
    ចំណែកសមត្ថកិច្ចគយ និងរដ្ឋាករខេត្តស្វាយរៀងក៍មិនអាចសុំការបំភ្លឺបានដែរ មកដល់ព្រឹកថ្ងៃដដែលនេះ ។
    បើតាមមន្ត្រីនគបាលសេដ្ឋកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ប៉ុស្តិ៍ច្រករបៀង ឬ ដំណាក់ គ្មានច្បាប់អនុញ្ញាត្តិ ឲ្យដឹកទំនិញចេញចូលពីក្រៅប្រទេសទេ។ ច្បាប់អនុញ្ញាតិឲ្យនាំទំនិញចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ  ច្រកទ្វារ ព្រំដែនទ្វេភាគី  ហើយមានដាក់ មន្ត្រីគយ ពិនិត្យ ទំនិញ ចេញចូល។ តែបើលួចនាំទំនិញចេញពេលយប់តាមច្រករបៀងឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីចំនាញពិនិត្យឯកសារទំនិញទេគឺអាចជាទំនិញគេចពន្ធហើយ។
   ករណីខាងលើនេះ ត្រូវបានគេរាយការណ៍ថា ក្នុង១ យប់ៗមានរថយន្តខ្នាតយក្សមិនតិចជាង១០គ្រឿងនោះទេ ដែលសម្រុកដឹកទំនិញគេចពន្ធយកមកទម្លាក់ចូលកាណូតឆ្លងទៅប្រទេសវៀតណាម តែក៍មិនឃើញមានការបង្ក្រាបពីសមត្ថកិច្ចជំនាញ ពិសេសគយ ម្តងណានោះឡើយ៕